ខេត្តបាត់ដំបង៖ ឈ្មួញបានដឹកជញ្ជូនសំបកកង់ម៉ូតូ និង ពោះវៀនម៉ូតូ យកទៅស្ដុកទុក សម្រាប់ការធ្វើចរាចរណ៍ ចែកចាយទៅតាមគោលដៅផ្សេងៗ ក៏ត្រូវបានសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាប កាលពីវេលាម៉ោង៣ និង ៣០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅឃ្លាំងមួយកន្លែង តាមផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
មន្រ្ដីនគរបាលខេត្តបាត់ដំបង បានឲ្យដឹង ថា ក្រោមការសម្របសម្រួលផ្នែកច្បាប់ ពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នោះ លោក យី យក់សាន ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងជំនាញ ចុះទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បង្ក្រាបករណីនាំចូលស្តុកទុក និង ចែកចាយផលិតផលសំបកកង់ម៉ូតូ និង ពោះវៀនកង់ម៉ូតូ ម៉ាក IRC ដោយបានរំលោភសិទ្ធិចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន គង់ នួន គ្រុប។ នៅក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញទំនិញមួយចំនួន ដូចជា៖ ពោះវៀនកង់ម៉ូតូ ម៉ាក IRC ចំនួន២០៦ ការ៉ុង ស្មើនឹងពោះវៀន ចំនួន ១២ ៣៦០គ្រាប់ និង សម្បកកង់ម៉ូតូ ម៉ាក IRC ចំនួន៥៦គ្រាប់។
ក្រោយពេលឆែកឆេររួច សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងអស់ យកមករក្សាទុកជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្ដ។ ស្របគ្នានេះដែរ សមត្ថកិច្ចបានអញ្ជើញឈ្មោះ សួង រ៉ូហ្សា ភេទស្រី ជាបុគ្គលិកគ្រប់គ្រងស្តុកទំនិញ មកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផងដែរ៕