រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នឹងមានការរៀបចំប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះ វេលាម៉ោង០៧:៣០នាទី និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរត់កតេជោ វេលាម៉ោង១៤:០០នាទី ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់មហាវិថីខាងលើ មេត្តាជ្រាប និងស្នើសុំយោគយល់ អធ្យាស្រ័យ និងបំញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើដោយក្តីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌជ្រោយចង្វារ រដ្ឋបាលខណ្ឌព្រែកព្នៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហកាំរអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕