រាជធានីភ្នំពេញ៖ សត្វក្តាន់នៅតាមបណ្ដាប្រទេសមួយចំនួន កំពុងតែប្រឈមមុខនឹងការជិតផុតពូជ ប៉ុន្ដែថនិកសត្វដ៏កម្រប្រភេទនេះ បានចាប់ផ្ដើមបង្ហាញវត្ដមានឡើងវិញ នៅក្នុងប្រទេសកម្ពុជា។
បើតាមអង្គការ WWF កម្ពុជា បានឱ្យដឹង ថា សត្វក្ដាន់ បានប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ការបាត់បង់ទីជម្រក ការធ្លាក់ចុះចំនួនរបស់វា និង ការបរបាញ់ ទើបជំរុញឱ្យថនិកសត្វប្រភេទនេះ ឈានដល់ការផុតពូជ នៅតាមប្រទេសមួយចំនួន ដូចជា ប្រទេសថៃ, ឡាវ, វៀតណាម និង ចិន។ ប៉ុន្ដែនៅក្នុងប្រទេសកម្ពុជា ក្រុមជំនាញបានរកឃើញវត្តមានសត្វក្តាន់នេះឡើងវិញ នៅខេត្តក្រចេះ នាឆ្នាំ ២០០៦ និង ខេត្តកោះកុង នាឆ្នាំ២០០៨។ នេះជាក្ដីសង្ឃឹមថ្មីមួយ សម្រាប់ការរស់រានមានជីវិតរបស់សត្វក្ដាន់ទាំងនេះ។
អង្គការ WWF កម្ពុជា បានបញ្ជាក់ ថា បើតាមការស្រាវជ្រាវទៅសត្វក្តាន់ នៅខេត្តក្រចេះ ចាប់តាំងពីឆ្នាំ ២០២០ មក មានសត្វក្ដាន់តិចជាង១០០ក្បាល កំពុងតែរស់រានមានជីវិត នៅលើទឹកដីខេត្តមួយនេះ។ ដូច្នេះយើងត្រូវតែមានវិធានការជាបន្ទាន់ ដើម្បីការពារថនិកសត្វផុតពូជប្រភេទនេះ។
ក្តាន់ ជាប្រភេទសត្វចូលចិត្តស៊ីស្មៅងាប់ៗ ហើយពួកវាកំពុងតែរងការគំរាមកំហែងយ៉ាងខ្លាំង។ សត្វក្តាន់ ជាប្រភេទសត្វពិសេសមួយ មានដើមកំណើតនៅតំបន់ជាច្រើន នៅក្នុងទ្វីបអាស៊ី។ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវ បានរកឃើញ នៅក្នុងប្រទេសកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ចិន និង ឥណ្ឌា ជាដើម។
អង្គការ IUCN បានចុះបញ្ជីសត្វក្តាន់ ជាប្រភេទសត្វជិតផុតពូជ ដោយភាគច្រើន បណ្តាលមកពីការប្រមាញ់ ចង់យកស្នែងរបស់វា។ អនាគតរបស់សត្វក្តាន់ ពឹងផ្អែកលើកិច្ចការពារ បញ្ចៀសពីគ្រោះថ្នាក់ និងធានា ថា ក្ដាន់មានជម្រក សម្រាប់ការធំធាត់របស់វា៕