ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបើករថយន្តក្រុងមួយគ្រឿង ដឹកអ្នកដំណើរជាច្រើននាក់ ហើយបានងោកមួយភាំង ធ្វើឲ្យរថយន្ដក្រឡាប់ផ្ងារជើង បណ្ដាលឲ្យមានអ្នករងរបួសជាង១០នាក់ កាលពីវេលាម៉ោង៥ព្រឹកព្រលឹម ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែង តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បានបើករថយន្តក្រុងមួយគ្រឿងរបស់ក្រុមហ៊ុនសំណាងហុងស៊ីង ពាក់ស្លាកលេខ ភ្នំពេញ 3C-9771 ដឹកអ្នកដំណើរ ចេញដំណើរពីភ្នំពេញ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រីឯអ្នកដំណើរក៏បានចុះតាមគោលដៅរបស់ពួកគេជាបន្ដបន្ទាប់។ លុះពេលរថយន្ដក្រុង បានបើកទៅដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរបានងងុយដេក ហើយងោកមួយភាំង ធ្វើឲ្យរថយន្ដរេចង្កូតខុសផ្លូវ ក្រឡាប់ផ្ងារជើង បណ្ដាលឲ្យអ្នកដំណើរជាង១០នាក់រងរបួស ដោយខ្លះរងរបួសស្រាល និង ខ្លះរងរបួសធ្ងន់ ហើយបាននាំគ្នាវាយកញ្ចក់រថយន្ដ ចេញមកខាងក្រៅ។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបររថយន្ដ បានគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ស្ទូចយករថយន្ដក្រុងនេះ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការតាមច្បាប់។ ដោយឡែក អ្នករងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ៕