សមត្ថកិច្ចខេត្តសៀមរាប ក្របួចកខ្មាន់កាំភ្លើង បាញ់ប្រហារលើអ្នកកាសែត​

06-ធ្នូ-2024 - ម៉ោង 11:56:AM

ខេត្តសៀមរាប៖ ក្រោយពេលអ្នកសែតម្នាក់ បានរងការបាញ់ប្រហារ ពីខ្មាន់កាំភ្លើងមិនស្គាល់អត្ដសញ្ញាណរួចមក សមត្ថកិច្ចជំនាញពាក់ព័ន្ធរបស់ខេត្តសៀមរាប បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ នាំមកចាត់ការតាមច្បាប់។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹង ថា រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបដល់សាធារណជន និង សារព័ត៌មានមេត្តាជ្រាប ថា សារព័ត៌មានមួយចំនួន បានចុះផ្សាយ អំពីករណីប៉ុនប៉ងមនុស្សឃាត ពីជនមិនស្គាល់អត្តសញ្ញាណ បានលបលួចបាញ់មួយគ្រាប់ ដោយប្រើប្រាស់អាវុធកែច្នៃ ទៅលើឈ្មោះ ឈៀង ឈឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរជាអ្នកយកព័ត៌មាន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៦យប់ នៅក្នុងភូមិសាស្ត្រ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូន ថា ពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញា និង ឃាត់ខ្លួនជនសង្ស័យ នាំមកសាកសួរព័ត៌មានបន្ថែម អំពីករណីប៉ុនប៉ងមនុស្សឃាត ដោយចេតនា និង ទទួលបានចម្លើយសារភាព ពីជនសង្ស័យ គឺដោយសារតែទំនាស់បុគ្គល។ ក្រោយពីការផ្តល់ចម្លើយរួចមក ជនសង័្សយ ត្រូវបានមន្រ្ដីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត រៀបចំអនុវត្តនីតិវិធី កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់អ្នកសារព័ត៌មាន ក៏ដូចជា សាធារណជនឱ្យបានជ្រាប ថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីសង្គ្រោះបន្ទាន់។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុងតែទទួលបានការព្យាបាល និង មានការយកចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ…៕

ពត័មានពេញនិយម