ខេត្តសៀមរាប៖ រថយន្ដឡិចស៊ីមួយគ្រឿង បានបើកបោះពួយ៉ាងលឿន ជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូ២នាក់ បណ្ដាលឲ្យប៉ើងទាំងម៉ូតូ និង មនុស្ស ធ្លាក់ចូលទៅក្នុងប្រឡាយទឹក កាលពីវេលាម៉ោង៣ និង ១២នាទីរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅជិតភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ប្រភពព័ត៌មានបឋម បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានបើករថយន្ដឡិចស៊ីស RX-300 បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវ។ លុះពេលរថយន្ដ បានបើក មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកជាងសំណង់ចំនួន២នាក់ ដែលកំពុងតែជិះម៉ូតូឌុបគ្នា ប៉ើងទាំងមនុស្ស និង ម៉ូតូ ធ្លាក់ចូលក្នុងប្រឡាយទឹក បណ្ដាលបុរសម្នាក់រងរបួសធ្ងន់ ធ្លាយពោះវៀន បាក់ជើង និង ម្នាក់ទៀតសំណាងល្អ មិនរងគ្រោះថ្នាក់។ រីឯរថយន្ដបានរេចង្កូតខុសផ្លូវ បើកចូលទៅក្នុងព្រៃ។
ក្រោយពេលកើតហតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានដកហូតយានយន្ដពាក់ព័ន្ធទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ។ ដោយឡែក អ្នករងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ៕