បុរសម្នាក់ ចេញពីផឹកស្រវឹង ជិះម៉ូតូបង្កគ្រោះថ្នាក់លើរថយន្ដ២ករណីផ្សេងគ្នា

06-ធ្នូ-2024 - ម៉ោង 09:24:AM

រាជធានីភ្នំពេញ៖ បុរសម្នាក់បានផឹកស្រាស្រវឹងជោកជាំ រហូតគ្រប់គ្រងខ្លួនឯងលែងបាន ហើយបានជិះម៉ូតូបង្កគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណី ដោយបានបើកបុករថយន្ដចំនួន២គ្រឿង នៅចំណុចផ្សេងគ្នា និង បានដេកលង់លក់យ៉ាងរំភើយ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចស្តុប២៤ម៉ោង កែងគ្នារវាងផ្លូវហាណូយ និង ផ្លូវសម្ដេចជា ស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K-4490 តាមបណ្ដោយផ្លូវហាណូយ ទាំងស្ថានភាពស្រវឹង។ លុះពេលគាត់បានបើកម៉ូតូមកដល់ចំណុចស្តុប៩២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោងប្រហែលជាង៨យប់ ថ្ងៃកើតហេតុ ក៏ជ្រុលចង្កូតទៅបុករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាកមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC-8747 ។ ប៉ុន្ដែករណីនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ឬខូចខាតរថយន្ដអ្វីធ្ងន់ធ្ងរនោះទេ។

ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ វាស់ជាតិអាល់កុល ហើយពួកគេបានព្រមព្រៀងគ្នាបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ។ បន្ទាប់មក សមត្ថកិច្ចបានឃាត់អ្នកបើកបរ ទុកមួយរយៈដើម្បីឲ្យស្វាងស្រវឹង។ ប៉ុន្ដែក្រោយមក បុរសជាអ្នកជិះម៉ូតូបង្ក បានបន្ដបើកម៉ូតូបន្ដដំណើរទៅមុខ រហូតដល់ត្រង់ចំណុចស្តុប២៤ម៉ោង កែងគ្នារវាងផ្លូវហាណូយ និង ផ្លូវសម្ដេចជា ស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលា៩ និង៥០នាទីយប់ ថ្ងៃដដែល ក៏ជ្រុលទៅបុករថយន្ដមួយគ្រឿងទៀត ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-0139 បណ្ដាលឲ្យរងការខូចខាត តែមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។ ប៉ុន្ដែបន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗនោះ បុរសបើកម៉ូតូបង្កហេតុ បានប្រះខ្លួនដេកយ៉ាងលង់លក់ នៅក្បែរបង្គោលភ្លើងថ្មយ៉ាងរំភើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និង មន្រ្ដីជំនាញ បានចុះទៅដាស់អ្នកបើកម៉ូតូបង្កហេតុ ឲ្យភ្ញាក់ឡើង ហើយបានទាក់ទងទៅក្រុមគ្រួសារឲ្យមកកាន់កន្លែងកើតហេតុ ដើម្បីដោះស្រាយគ្នា ជាមួយនឹងម្ចាស់រថយន្ដ និង ចាត់ការតាមនីតិវិធី

ពត័មានពេញនិយម