រដ្ឋធានីសេអ៊ូល៖ ថ្វីបើប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក មិនបានរយៈពេល២ម៉ោងផង ហើយបានលុបបទបញ្ជានេះយ៉ាងក្ដី ប៉ុន្ដែចលាចលយ៉ាងខ្លាំង កំពុងតែកើតមាន នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ ហើយក្រុមសមាជិកសភា កំពុងតែកំណត់ពេលវេលា សម្រាប់ការចោទប្រកាន់ទៅលោក យូន ស៊ុកយូល ខណៈក្រុមទាហានម៉ារីន បានកោរសក់ក្បាលប្រឆាំងតវ៉ា ចំពោះមេដឹកនាំរបស់ខ្លួន។
ទូរទស្សន៍របស់អង់គ្លេស BBC បានផ្សាយ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ថា នៅក្នុងចំណោមក្រុមអ្នកតវ៉ា នៅថ្ងៃនេះ ក៏មានចូលរួមពីក្រុមទាហានជើងចាស់ នៃកងម៉ារីនរបស់ប្រទេសកូរ៉េខាងត្បូង ផងដែរ។ ពួកគេជាច្រើននាក់ បានប្រមូលផ្តុំគ្នា នៅមុខការិយាល័យរបស់លោកប្រធានាធិបតី យូន ស៊ុកយូល កាលពីព្រឹកមិញ ដោយបានទាមទារឱ្យគាត់ ចុះចេញពីតំណែង។ ប៉ុន្ដែអ្វីដែលធ្វើឲ្យទាក់ទាញដល់ក្រសែភ្នែករបស់ក្រុមអ្នកកាសែតនោះ គឺក្រុមទាហានជើងចាស់ នៃកងម៉ារីនរបស់កូរ៉េខាងត្បូង និង ភរិយារបស់ពួកគេ បានកាត់សក់របស់ខ្លួន នៅចំពោះមុខក្រុមបាតុករ។
ប្រទេសកូរ៉េខាងត្បូង មានប្រពៃណីកោរសក់ជាយូរមកហើយ សម្រាប់ការតវ៉ា។ សកម្មភាពបែបនេះ បានចាក់ឫស នៅក្នុងការបង្រៀនរបស់ខុងជឺ តាមបែបប្រពៃណី ហើយត្រូវបានគេមើលឃើញជាប្រវត្តិសាស្ត្រ ថា វាជាវិធីបង្ហាញនូវការប្តេជ្ញាចិត្ត ចំពោះបុព្វហេតុអ្វីមួយ។
ប៉ូលិសកូរ៉េខាងត្បូង កំពុងតែស៊ើបអង្កេតទៅលើករណីរបស់លោកប្រធានាធិបតី យូន ស៊ុកយុល សម្រាប់ការចោទប្រកាន់ អំពីការបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ដែលបានផ្សាយបន្ដផ្ទាល់ នៅក្នុងរយៈពេលខ្លីរបស់គាត់ កាលពីយប់ ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤។
លោក លី សាង-មីន (Lee Sang-min) រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បានបញ្ជាក់ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ថា លោក គីម យ៉ុង-យ្យុន (Kim Yong-hyun) រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានស្នើដល់លោកប្រធានាធិបតី យូន ស៊ុកយុល ដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក។
លោក គីម សួន-ហូ (Kim Seon-ho) អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ដល់ក្រុមអ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថា ចៅហ្វាយនាយរបស់គាត់ បានបញ្ជាឱ្យមេបញ្ជាការយោធា អនុវត្តសកម្មភាពបែបនេះ។ រីឯកងកម្លាំងពិសេស ដែលត្រូវបានដាក់ពង្រាយនោះ ក៏មិនមានគ្រាប់រំសេវនោះទេ។
ក្រុមសមាជិកសភារបស់កូរ៉េខាងត្បូង កំពុងតែសាកសួរដល់ក្រុមមន្រ្ដីយោធារបស់ប្រទេសអាស៊ីបូព៌ាមួយនេះ ព្រោះបញ្ហានេះកំពុងតែបង្ហាញយ៉ាងច្បាស់ ថា មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះ បានដឹងអំពីផែនការនេះ ខណៈអនុរដ្ឋមន្រ្ដីក្រសួងការពារជាតិ អះអាង ថា គាត់បានដឹងអំពីព័ត៌មាននេះ។ ឥឡូវ សមាជិកសភារបស់កូរ៉េខាងត្បូង បានកំណត់ពេលវេលា យកថ្ងៃសៅរ៍ ទី៧ ខែធ្នូ សម្រាប់ការបោះឆ្នោត ថាតើលោកប្រធានាធិបតី យូន ស៊ុកយូល នឹងត្រូវចោទប្រកាន់ឬយ៉ាងណានោះ៕