ខេត្តសៀមរាប៖ អ្នកសារព័ត៌មានម្នាក់ បម្រើការងារឲ្យអង្គភាពកម្ពុជាអភិវឌ្ឍន៍ បានរងការបាញ់ប្រហារពីខ្មាន់កាំភ្លើង បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានឲ្យដឹង ថា លោកបានបញ្ជាឲ្យកម្លាំងជំនាញ ចុះទៅកាន់ទីតាំងកើតហេតុនោះហើយ។ រីឯជនរងគ្រោះ ឈ្មោះឈឿង ឈឹង ភេទប្រុស មានមុខរបរជាអ្នកសារព័ត៌មាន បម្រើការងារឲ្យអង្គភាពកម្ពុជាអភិវឌ្ឍន៍ បានរងរបួសធ្ងន់។
ជាមួយគ្នានេះ ក្រុមអ្នកសារព័ត៌មាន សូមថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើបាញ់ប្រហារមកលើអ្នកកាសែត ដែលបម្រើការងារតាមវិជ្ជាជីវៈរបស់ខ្លួន ហើយសង្ឃឹម ថា សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រលើ អធិការដ្ឋាននគរបាលស្រុកក្រែង និង ជាពិសេស ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹងស្រាវជ្រាវវែកមុខឃាតករ ជាខ្មាន់កាំភ្លើង ដែលលួចបាញ់ប្រហារទៅលើអ្នកសារព័ត៌មាន គឺលោក ឈឿង ឈឹង ដើម្បីនាំមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន៕