ផ្អើលសពមន្រ្ដីយោធាម្នាក់អណ្ដែត នៅក្នុងទឹកទន្លេ នៅក្រោយសណ្ឋាគារកាំបូឌីយ៉ាណា

05-ធ្នូ-2024 - ម៉ោង 11:48:AM

រាជធានីភ្នំពេញ៖ បុរសម្នាក់កំពុងតែកាយកំប្លោក ស្រាប់តែប្រទះឃើញសពរបស់មន្រ្ដីយោធាម្នាក់ កប់នៅក្នុងកំប្លោក បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងទឹកទន្លេចតុមុខ នាខាងក្រោយសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីរបស់បុរសម្នាក់ បានឲ្យដឹង ថា នៅមុនពេលប្រទះឃើញសពនេះ គាត់បានកាយកំប្លោក ចេញពីទីតាំងកើតហេតុ ពីព្រោះកន្លែងរបស់គាត់មានការរៀបចំកម្មវិធីមួយ។ ប៉ុន្ដែស្របពេលគាត់កំពុងតែកាយកំប្លោកនោះ ស្រាប់តែប្រទះឃើញសពម្នាក់ ធ្វើឲ្យគាត់ភ័យ ហើយបានរត់ទៅប្រាប់មេរបស់គាត់ និង បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។

បើតាមសមត្ថកិច្ច បានឲ្យដឹង ថា ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចពាក់ព័ន្ធ និង មន្រ្ដីជំនាញ បានចុះទៅកាន់កន្លែងកើតហេតុ ហើយបានពិនិត្យ និង ធ្វើកោសល្យវិច័យលើសព ដោយមានភិនភាគរបស់សព មានកម្ពស់១ម៉ែត្រ ៧០សង់ទីម៉ែត្រ ពាក់អាវកីឡាដៃខ្លី ពណ៌ក្រហមលាយខៀវ និង ស្លៀកខោជើងវែង ពណ៌ត្រេអ៊ី (ខោទាហាន)។ នៅទីបំផុត សមត្ថកិច្ចបានស្រាវជ្រាវ និង កំណត់បានអត្ដសញ្ញាណរបស់សពជនរងគ្រោះ ឈ្មោះ ជុំ វណ្ណី អាយុ៤៤ឆ្នាំ មានមុខរបរជាមន្រ្តីយោធា និង មានស្រុកកំណើត នៅភូមិព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ នៅមុនពេលស្លាប់ ជនរងគ្រោះស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើតាមការពិនិត្យ ជនរងគ្រោះបានស្លាប់ ដោយសារការលង់ទឹក។
សូមជម្រាប ថា កាលពីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ មានបុរសម្នាក់បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា។ សមត្ថកិច្ចបានរកឃើញសំបុត្របណ្តាំចុងក្រោយមួយសន្លឹក នៅកន្លែងកើតហេតុ ដោយបានផ្តាំទៅកាន់ក្រុមគ្រួសារ និង សុំទោសដល់ឪពុកម្តាយ ខណៈជនរងគ្រោះ បានបញ្ចប់ជីវិត ដោយការលោតទឹកសម្លាប់ខ្លួន។

ក្រោយពេលពិនិត្យ និង ធ្វើកោសល្យវិច័យរួចហើយ សមត្ថកិច្ចបានស្រាវជ្រាវ និង ទាក់ទងទៅក្រុមគ្រួសារ និង សាច់ញាតិ មកទទួលយកសព ដឹកយករៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯវត្តទួល ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

ពត័មានពេញនិយម