ខេត្តកំពង់ធំ៖ យុវជនម្នាក់ត្រូវបានជនរងគ្រោះ ជួលមកឲ្យជួយលក់ដូរ ហើយបានបែកគំនិតអាក្រក់ លួចគាស់ផ្ទះយកទ្រព្យសម្បត្ដិ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានឲ្យដឹង ថា កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ គាត់បានជួលយុវជនម្នាក់ ឈ្មោះ អៀង ប៉េងអឺ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឲ្យមកជួយលក់ដូរ នៅផ្ទះរបស់គាត់ ហើយបានអនុញ្ញាតឲ្យគេស្នាក់នៅជាមួយ។ ប៉ុន្ដែកាលពីចុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ គាត់បានបញ្ឈប់ ហើយបានអនុញ្ញាតឲ្យគេត្រឡប់ទៅផ្ទះវិញ។
ប្រភពព័ត៌មានដដែល បានបន្ដ ថា នៅថ្ងៃកើតហតុ គាត់បានក្រោកពីដំណេក នៅវេលាម៉ោងប្រហែល២ និង ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ហើយបានចេញទៅលក់បន្លែ នៅផ្សារចាស់ ខេត្តកំពង់ធំ។ លុះពេលគាត់វិលត្រឡប់មកដល់ផ្ទះវិញ នៅវេលាម៉ោង៩ និង៥នាទី ថ្ងៃដដែល ក៏ឃើញរបើកបង្អួច និង មានស្នាមគាស់ ហើយបានបាត់បង់ទ្រព្យសម្បត្ដិមួយចំនួន រួមមាន៖ មាស ប្លាទីន និង ទូរស័ព្ទដៃ។ បន្ទាប់មក គាត់បានរាយការណ៍ទៅសមត្ថកិច្ច សុំឲ្យជួយអន្ដរាគមន៍។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា ក្រោយពេលទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចបានធ្វើការតាមជំនាញរបស់ខ្លួន រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ ហើយបានដកហូតវត្ថុតាងមួយចំនួន។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរ និង កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែក វត្ថុតាងដែលដកហូតបាន ត្រូវបានសមត្ថកិច្ចប្រគល់ទៅម្ចាស់វិញ៕