រាជធានីបាងកក៖ ស្រ្ដីជនជាតិថៃម្នាក់ បានសម្រេចចិត្តប្រគល់ខ្លួន ដល់ប៉ូលិសខេត្តចោមផុន (Chumpon) នាភាគខាងត្បូងរបស់ប្រទេសថៃ ក្រោយពេលនាងបានបើករថយន្ដរបស់មិត្តភក្ដិ ម៉ាក BMW បុកស្រ្ដីម្នាក់ និងកូន២នាក់របស់គាត់ប៉ើងដូចស្លឹក កាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមផ្លូវជនបទមួយខ្សែ ស្ថិតក្នុងសង្កាត់មឿង ក្រុងចោមផុន ប្រទេសថៃ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានស្រ្ដីម្នាក់បានខ្ចីរថយន្ដរបស់មិត្តភក្ដិនាង ម៉ាក BMW ដើររកសត្វឆ្មារបស់នាង ដែលបានបាត់ ហើយក៏ជ្រុលចង្កូតទៅបុកស្រ្ដីម្នាក់ និង កូនរបស់គាត់ចំនួន២នាក់ បណ្ដាលឲ្យបាត់បង់ជីវិត។
បើតាមអ្នកឃើញហេតុការណ៍ បានរាយការណ៍ប្រាប់ប៉ូលិស ថា ពួកគេបានឃើញរថយន្ត BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ 44 Nakhon Si Thammarat បើកបុកចំពីមុខម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ សេ១០១ ពណ៌ខ្មៅ នៅលើស្ពានអាកាសឆ្លងកាត់ផ្លូវរថភ្លើង។ ជនរងគ្រោះទាំង៣នាក់ម្ដាយកូន បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ រីឯសពរបស់ក្មេងប្រុសអាយុ១៦ឆ្នាំ បានខ្ទាតទៅជាប់នឹងបង្កាន់ដៃស្ពាន ខណៈសព២នាក់ផ្សេងទៀត បានខ្ទាតទៅលើផ្លូវដែក នៅក្រោមស្ពាន។ ចំណែកម៉ូតូរបស់ជនរងគ្រោះ និង រថយន្ដបង្ក ម៉ាក BMW បានរងនូវការខូចខាតយ៉ាងដំណំ ខណៈអ្នកបើកបរបានគេចខ្លួនបាត់ នៅមុនពេលប៉ូលិសទៅដល់។
ប្រជាពលរដ្ឋ បានប្រាប់ដល់ទូរទស្សន៍ប៉ុស្តិ៍លេខ៧របស់ថៃ ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង ខណៈស្រ្ដីម្នាក់បានបើកម៉ូតូដឹកកូនរបស់គាត់ ចេញពីសាលារៀន សំដៅទៅផ្ទះរបស់ពួកគាត់ ដោយមានចម្ងាយត្រឹមតែ៦គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ ប៉ុន្ដែក្រោយពេលកើតហេតុភ្លាមៗនោះ ស្រ្ដីជាអ្នកបើកបររថយន្ដបង្ក បានចុះពីលើរថយន្តគេចចេញបាត់។
ក្រោយពេលកើតហេតុភ្លាមៗ ទូរទស្សន៍ប៉ុស្តិ៍លេខ៧របស់ថៃ បានទាក់ទងទៅឪពុករបស់ម្ចាស់រថយន្តឈ្មោះ ដាំ អាយុ៦៥ឆ្នាំ។ ប៉ុន្ដែគាត់បានបញ្ជាក់ ថា អ្នកបើកបររថយន្ត មិនមែនជាកូនស្រីរបស់គាត់នោះទេ គឺជាមិត្តរបស់កូនគាត់ ឈ្មោះ ជីរ៉ាន់ថានីន ទៀងខាវ (Jiranthanin Taengkhao) អាយុ៣០ឆ្នាំ។ អ្នកបើកបររថយន្ដនាពេលនោះ បានមកចូលរួមពិធីបុណ្យសពរបស់គ្រួសារគាត់ ហើយបានខ្ចីរថយន្ដរបស់កូនគាត់ ជិះទៅផ្ទះរបស់នាង។
ឪពុករបស់ម្ចាស់រថយន្ដបង្ក បានបន្ថែម ថា អ្នកបើកបររថយន្ដបង្ក នាពេលនោះ មិនបានរត់គេចពីកន្លែងកើតហេតុនោះទេ ប៉ុន្តែនាងបានលាក់ខ្លួន នៅកន្លែងងងឹតមួយ ព្រោះខ្លាចរងការវាយធ្វើបាប ពីអ្នកស្រុក ដែលខឹងសម្បា ចំពោះការបង្កឲ្យកើតមានឧបទ្ទវហេតុបែបនេះ។ បន្ទាប់មក នាងបានទាក់ទងមកគាត់ ដើម្បីនាំខ្លួននាងទៅប្រគល់ខ្លួនឲ្យប៉ូលិស។
ប៉ូលិស បានវាស់ជាតិអាល់កុលទៅលើស្រ្ដីជាអ្នកបើកបររថយន្ដបង្ក ដោយបានរកឃើញ ថា មានកម្រិតជាតិអាល់កុលក្នុងឈាម រហូតកម្រិត២៨មិល្លីក្រាម។ បន្ទាប់មកអ្នកបើកបររថយន្ដបង្ក ត្រូវបានតុលាការខេត្តចោមផុត សម្រេចឃុំខ្លួន។ ប៉ុន្តែក្រុមគ្រួសាររបស់នាង បានស្នើសុំធានាឱ្យនាងនៅក្រៅឃុំ ដោយបង់ប្រាក់ចំនួន ១00 000 បាតប្រាក់ថៃ។
ស្រ្ដីជាអ្នកបើកបររថយន្ដបង្ក ត្រូវបានតុលាការថៃ ចោទប្រកាន់តាមមាត្រា២៩១ នៃច្បាប់ព្រហ្មទណ្ឌ ពីបទធ្វេសប្រហែសបណ្ដាលឲ្យមានមនុស្សស្លាប់។ បទល្មើសនេះ នឹងត្រូវប្រឈមមុខជាមួយនឹងការជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ ហើយពិន័យជាប្រាក់ រហូតដល់២០ម៉ឺនបាតលុយថៃ ឬស្មើនឹងប្រហែលជិត៦០០០ដុល្លារអាមេរិក៕