ចាប់ផ្សឹកលោកនេនទ្រុស្ដសីលមួយអង្គ កៀកកើយស្រីស្អាត នៅមាត់ស្រះ

03-ធ្នូ-2024 - ម៉ោង 09:19:AM

រាជធានីភ្នំពេញ៖ សាមណេរមួយអង្គ បានចូលមកបួស នៅក្នុងសំណាក់ព្រះពុទ្ធសាសនា ដែលជាសាសនាដ៏ល្អផូរផង់ បែរជាលួចមានទំនាក់ទំនងជាមួយនឹងយុវតីម្នាក់ ហើយបានកៀកកើយ និង ប្រលែងលេងជាមួយនឹងនាង នៅក្បែរមាត់ស្រះ ក៏ត្រូវបានមន្រ្ដីសង្ឃចាប់ផ្សឹក កាលពីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅវត្តអរុណវតី ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមឃ្លឹបវីដេអូមួយ ត្រូវបានគេលួចថត ហើយបានយកមកបង្ហោះ និង ចែកចាយ នៅតាមបណ្ដាញសង្គមជាច្រើន បានឃើញសកម្មភាពរបស់សាមណេរ ឬ លោកនេនអង្គនេះ បានគង់ នៅក្បែរមាត់ស្រះ ជាមួយនឹងយុវតីម្នាក់ នៅក្នុងភាពស្និទ្ធស្នាលបំផុត។ ប៉ុន្ដែសកម្មភាពរបស់សាមណេរអង្គនេះ បានប្រព្រឹត្ដផ្ទុយពីវិន័យរបស់សង្ឃ ដោយបានយកព្រហស្ថ ឬដៃទៅលូកលាន់ និង កៀកកើយទៅលើរាងកាយរបស់នាង។

ការបែកធ្លាយឃ្លីបវីដេអូនេះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់សាមណេរអង្គនេះ ព្រោះធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់ព្រះសង្ឃទូទៅ ដែលគោរពប្រណិប័តន៍ដ៏ត្រឹមត្រូវតាមពុទ្ធប្បញ្ញត្ដិ និង ពុទ្ធានុញ្ញាត។ បន្ទាប់ពីមានការបង្ហោះនូវឃ្លីបវីដេអូនេះមក សមត្ថកិច្ចពាក់ព័ន្ធ និង មន្រ្ដីសង្ឃ ក៏បានចាប់ផ្សឹកសាមណេរ ព្រះនាម ចន សីហា តែម្ដង៕

ពត័មានពេញនិយម