រថយន្ដធុនតូចមួយគ្រឿង បើកគេចរថយន្ដធំ ធ្លាក់លិចចូលក្នុងទឹកប្រឡាយ

02-ធ្នូ-2024 - ម៉ោង 02:51:PM

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបើករថយន្ដយ៉ាងលឿន ហើយគេចពីរថយន្ដធុនធំមួយគ្រឿង នៅខាងមុខ ក៏ជ្រុលចង្កូតធ្លាក់ចូលទៅក្នុងទឹកប្រឡាយ នៅមុខសំណង់ស្ពានតាផាន់ បណ្តាលឲ្យអ្នកបើកបរស្លាប់ និង អ្នករួមដំណើរចំនួន២នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹង ថា នៅពេលកើតហេតុ មានយុវជនចំនួន៣នាក់ បានជិះរថយន្ដមួយគ្រឿង ម៉ាកកាមរីចង្កូតស្តាំស៊េរីឆ្នាំ១៩៩៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A-1461 យ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៥ នៅក្នុងទិសដៅពីជើងទៅត្បូង។ លុះពេលរថយន្ដបានបើកមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដធុនធំមួយគ្រឿង បើកបញ្ច្រាសទិសគ្នា ទើបអ្នកបើកបរ បានបើកគេច ស្រាប់តែជួបនឹងគ្រោះអកុសល ធ្វើឲ្យរថយន្ដរបស់ពួកគេ ជ្រុលចង្កូតធ្លាក់ចូលទៅក្នុងទឹកប្រឡាយ។ ឃើញហេតុការណ៍បែបនេះ អ្នកអ្នកធ្វើដំណើរ និង អ្នកឃើញហេតុការណ៍ បាននាំគ្នារើសដុំថ្មវាយបំបែកកញ្ចក់រថយន្ដ ជួយសង្គ្រោះបានមនុស្ស២នាក់ នៅមុនពេលរថយន្តបានលិចចូលក្នុងទឹក រួមនឹងអ្នកបើកបរម្នាក់។

ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រោយពេលទទួលបានដំណឹងបែបនេះ សាច់ញាតិ និង កម្លាំងសមត្ថកិច្ច បានព្យាយាមស្វែងរកជនរងគ្រោះ ចាប់តាំងពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ព្រឹកថ្ងៃដដែល ទើបរកឃើញរថយន្ត ដោយមានចម្ងាយប្រហែល៥០ម៉ែត្រ ពីក្បាលស្ពាន។ បន្ទាប់ពីសន្ទូចរថយន្ដឡើងមកលើគោកវិញហើយ ក៏ឃើញសពរបស់ជនរងគ្រោះ ជាអ្នកបើកបរ ហើយបានប្រគល់ទៅក្រុមគ្រួសារ ដឹកយកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម