បង្រ្កាបទីតាំងផលិតធូបមូសក្លែងក្លាយ ចំនួន២កន្លែង រឹបអូសបានជាង១៤០០កេស

2 ម៉ោងមុន

 

រាជធានីភ្នំពេញ៖ ជនសង័្សយម្នាក់ បានលួចផលិតធូបមូសក្លែងក្លាយ ហើយក្រុមហ៊ុនម្ចាស់ដើមដឹង បានប្ដឹងទៅសមត្ថកិច្ចឲ្យចុះទៅឆែកឆេរ និង បង្ក្រាបចំនួន២ទីតាំង ហើយរឹបអូសបានផលិតផលធូបមូសក្លែងក្លាយ ម៉ាក Ranger ចំនួន១៤៥៨កេស មានទម្ងន់ ១៥ ៥១៤គីឡូក្រាម និង ឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់។

បើតាមនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានឲ្យដឹង ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានទទួលពាក្យបណ្ដឹង ពីក្រុមហ៊ុន Thanathorn.Co.Ltd ។ បន្ទាប់មក សមត្ថកិច្ចចំនាញក៏បានស្រាវជ្រាវ និង បើកប្រតិបត្តិការ ក្រោមការសម្របសម្រួលនីតិវិធី ដោយផ្ទាល់ពីលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយបានសហការជាមួយនឹងក្រុមមន្រ្តីក.ប.ប សាខារាជធានីភ្នំពេញ និង អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងដែលសង្ស័យនាំចូល ស្តុក ចែកចាយផលិតផលធូបមូសក្លែងក្លាយ ម៉ាក Ranger ចំនួន២ទីតាំង។ ជាលទ្ធផល សមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ មាន ថែន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ និង រឹបអូសធូបមូសក្លែងក្លាយ ម៉ាក Ranger ចំនួន១៤៥៨កេស មានទម្ងន់ ១៥ ៥១៤គីឡូក្រាម។

ក្រោយពេលបង្រ្កាបរួច សមត្ថកិច្ចចម្រុះ បានប្រមូលវត្ថុតាងទាំងនោះ យកមកទៅដាក់នៅទីតាំងតែមួយ ហើយបាននាំខ្លួនម្ចាស់ទីតាំង ទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕

ពត័មានពេញនិយម