ឮគេថានៅសៀមរាបអត់សុវត្ថិភាព ប្តីប្រពន្ធបរទេសមួយគូ សាកល្បងមកលេង មានអីជាប់ចិត្តមួយខែពេញ

3 ម៉ោងមុន

ថ្មីៗនេះ ប្តីប្រពន្ធបរទេសមួយគូ ដែលប្រើគណនី TikTok ឈ្មោះថា Victoria sserg មាន Followers ដល់ទៅជាង ១០០K បានបង្ហោះវីដេអូមួយនិយាយអំពីការស្នាក់នៅខេត្តសៀមរាប មុនពេលពួកគេចាកចេញទៅកាន់ប្រទេសផ្សេង។​

នៅក្នុងវីដេអូ ប្តីប្រពន្ធនេះបានលើកឡើងពីហេតុផលដែលពួកគេស្នាក់នៅរយៈពេលយូរ រហូតដល់មួយខែពេញ និង ប្រាប់ពីរឿងរ៉ាវដែលពួកគេបានជួប ផ្ទុយស្រឡះពីអ្វីដែលពួកគេធ្លាប់ឮមិនល្អពីកម្ពុជា។

ជាក់ស្តែង អ្នកទាំងពីរបាននិយាយជាភាសាអង់គ្លេស ដោយយើងបកប្រែជាភាសាខ្មែរ យ៉ាងដូច្នេះថា ៖ «ប៉ុន្មានថ្ងៃមុនយើងទទួលបានសារ និង ការ Comment ជាច្រើននៅលើ TikTok ជាមួយសំណួរ ហេតុអ្វីបានជាអ្នកនៅតែនៅសៀមរាប? ហេតុអ្វីជាប់នៅសៀមរាបយូរម្ល៉េះ? និយាយឱ្យស្មោះត្រង់ទៅ តាមរយៈបទពិសោធពួកខ្ញុំផ្ទាល់ សៀមរាបគឺជាកន្លែងដែលល្អបំផុត និង ជាទីក្រុងដែលមានផាសុកភាពបំផុត ក្នុងការស្នាក់នៅរយៈពេលវែង។

ប្តីប្រពន្ធទាំងពីរបានបន្តរទៀតថា ខ្ញុំសូមលើកចំណុចសំខាន់ៗចំនួនពីរចំណុច៖
ចំណុចទី ១ ៖ កន្លែងស្នាក់នៅពិតជាមានផាសុកភាពបំផុត អ្នកអាចស្វែងរក apartment និង សណ្ឋាគារជាច្រើន ដែលតម្លៃមិនថ្លៃពេក កន្លែងខ្លះក្នុងមួយយប់ត្រឹមពី ១៥ ដុល្លារ ដល់ ២៥ ដុល្លារ។ តម្លៃនេះ អ្នកអាចមានកន្លែងស្នាក់នៅស្អាត ជាមួយអ៊ីនធ័រណែត WIFI ដើរលឿនល្អ។ និយាយស្មោះត្រង់ កន្លែងស្នាក់តម្លៃប៉ុននេះ ខ្ញុំមិនគិតថាមានដល់ថ្នាក់នេះទេ ព្រោះយើងធ្វើការតាមអនឡាញ។
ចំណុចទី ២ ៖  អាហារ។ អាហារមានច្រើនកន្លែងខុសៗគ្នា។ អ្នកអាចស្វែងរកម្ហូបប្រចាំតំបន់ និង អាហារអឺរ៉ុប ព្រមទាំងជម្រើសគ្រប់ប្រភេទនៃអាហារអាស៊ី។ រីឯតម្លៃខុសៗគ្នាចាប់ពី ១ ដុល្លារ ដល់ ៥ ដុល្លារ ក្នុងមួយចាន។ ភោជនីយដ្ឋាន Polo ជាចំណូលចិត្តរបស់ខ្ញុំ»។

នៅចុងក្រោយវីដេអូ ប្តីប្រពន្ធមួយគូនេះក៏បានលើកឡើងថា ៖ «និយាយជារួមមក យើងគិតថាសៀមរាប គឺជាទីក្រុងដ៏ល្អបំផុតសម្រាប់ការស្នាក់នៅ ជាពិសេសរយៈពេលវែង។ ទីនេះស្ងប់ស្ងាត់ និង សន្តិភាព ហើយមនុស្សទីនេះល្អណាស់។ ខ្ញុំមិនយល់ហេតុអ្វីមានមនុស្សនិយាយថា ទីនេះមិនមានសុវត្ថិភាព តែសម្រាប់ខ្ញុំ ខ្ញុំមកផ្ទាល់មិនទទួលបានបែបនេះទេ។ សម្រាប់ខ្ញុំ មួយអាទិត្យនៅទីនេះមិនគ្រប់គ្រាន់ទេ ទោះពីរអាទិត្យក៏មិនគ្រប់ដែរ។ យើងបានចំណាយពេលស្នាក់នៅ និង កម្សាន្ត មួយខែ យើងបានជួបអ្វីដែលគួរឱ្យចង់ដឹងជាច្រើនរៀងរាល់ថ្ងៃ។ អរគុណប្រជាជនកម្ពុជា!»៕

ពត័មានពេញនិយម