ខេត្តកំពង់ចាម៖ បុរសគម្រក់ម្នាក់ បានចាប់កូនស្រីប្ដីមុនរបស់ប្រពន្ធខ្លួន រំលោភសេពសន្ថវៈជាបន្ដបន្ទាប់ រហូតធ្វើឲ្យនាងមានផ្ទៃពោះ រយៈពេល៦ខែ ទើបបែកការ ក៏ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន ថា សូមជម្រាបជូនសាធារណជន និង អ្នកសារព័ត៌មាន មេត្តាជ្រាប ថា ថ្មីៗនេះ មានការចែកចាយព័ត៌មាននៅលើបណ្តាញសង្គម អំពីករណីអំពើរំលោភសេពសន្ថវៈរបស់ឪពុកចុង ទៅលើកូនស្រីដែលជាអនីតិជន រហូតមានផ្ទៃពោះ៦ខែ ដោយបានភ្ជាប់ជាមួយនឹងសំណូមពរមកដល់ថ្នាក់ដឹកនាំ សូមជួយអន្តរាគមន៍ទៅដល់ក្មេងរងគ្រោះផងដែរ។
ចំពោះករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ជូនសាធារណជន និង អ្នកសារព័ត៌មាន មេត្តាជ្រាបដូចខាងក្រោម៖
១- ជនល្មើសដែលជាឪពុកចុងរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង បានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាមរួចហើយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
២- ចំពោះក្មេងស្រី ដែលជាជនរងគ្រោះ គឺ រដ្ឋបាលខេត្តកំពង់ចាម កំពុងតែសហការជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីផ្តល់នូវការគាំពារផ្សេងៗ។ រដ្ឋបាលខេត្ត ក៏បានចាត់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានជួបដោយផ្ទាល់ជាមួយជនរងគ្រោះ និងក្រុមគ្រួសារ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះ ផងដែរ។
រដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានសម្តែងនូវការខ្វាយខ្វល់ និង យកចិត្តទុកដាក់ដល់សុខទុក្ខរបស់ជនរងគ្រោះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមស្នើឲ្យបញ្ឈប់ការចែកចាយព័ត៌មាននេះ ដើម្បីចូលរួមគាំពារដល់កិត្តិយសជនរងគ្រោះ និង ក្រុមគ្រួសារ។
បើតាមការចែកចាយតៗគ្នា នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានបញ្ជាក់ ថា ក្រុមគ្រួសារជនរងគ្រោះ បានសំណូមពរទៅលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមលោកអ៊ំជួយរកយុត្តិធម៌ឲ្យក្មួយស្រីម្នាក់នេះផង គ្នាជាកូនកំព្រា កូនអ្នកក្រ រស់នៅជាមួយយាយតា ឈ្មោះ ចាន់ សាវ៉ែន ពួកគាត់បានទទួលមរណភាពបាត់ទៅហើយ។ ឥឡូវគ្នាកំពុងតែពេញរៀន នៅសាលាពាមកោះស្នា ក៏ត្រូវបានឪពុកចុងចិត្តតិរច្ឆាន ឈ្មោះ សាំង ធារ៉ា អាយុ៣២ បានចាប់រំលោភ ធ្វើបាបក្មួយស្រី អាយុ១៧ឆ្នាំ រហូតមានផ្ទៃពោះ៦ខែ។ ពួកគេចង់ឱ្យលោកអ៊ំ ជួយធ្វើអន្តរាគមន៍ ព្រោះនាងចង់នៅរៀនបន្តទៀត៕