ខេត្តកណ្ដាល៖ បុរសម្នាក់បានបើករថយន្ដបោះពួយយ៉ាងលឿន ស្រាប់តែផ្ទុះកង់ រេចង្កូតទៅបុកម៉ូតូ បង្កឲ្យកើតជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង ប្រពន្ធរបស់គាត់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ២១ ត្រង់ចំណុចស្ពានលេខ៣៤ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ និង របួសនោះ មានបុរសម្នាក់បានបើករថយន្ដ ម៉ាកស្ដារិច ពាក់ស្លាកលេខ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-8623 បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវលេខ២១ នៅក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នាជាមួយនឹងបុរសម្នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1JK-3404 ឌុបប្រពន្ធ។ លុះពេលរថយន្ដបានបើកមកដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់ ធ្វើឲ្យរថយន្ដបង្ក រេចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹង បង្កឲ្យកើតជាអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូស្លាប់ភ្លាមៗមួយរំពេច ខណៈប្រពន្ធរបស់គាត់រងរបួសធ្ងន់។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបររថយន្ដបង្ក បានគេចខ្លួនបាត់ស្រមោល។
មន្រ្ដីនគរបាលស្រុកនគរបាលចរាចរណ៍ស្រុកស្អាង បានឲ្យដឹង ថា អ្នកបើកបររថយន្តបង្ក ម៉ាកស្តារិច (Starex ) ឈ្មោះ សេន សល់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ រីឯបុរសរងគ្រោះ ឈ្មោះ តាក់ អាយុ២៨ឆ្នាំ មុខរបរកសិករ បានស្លាប់ និង ប្រពន្ធដែលជាអ្នករួមដំណើរជាមួយ ឈ្មោះ ក្រេប ថារី អាយុ២៧ឆ្នាំ មុខរបរកសិករ ហើយពួកគេទាំងពីរនាក់ មានទីលំនៅភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅជួយពន្លត់ភ្លើង ហើយបានវាស់វែង និង ដកហូតយានយន្ដពាក់ព័ន្ធយកទៅរក្សាទុក។ ដោយឡែក អ្នករងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពរបស់ជនរងគ្រោះ ទៅក្រុមគ្រួសារ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕