ពលរដ្ឋខ្មែរគ្រប់រូប គួរនាំគ្នាមកឈ្វេងយល់ដឹង អំពីផលប្រយោជន៍ព្រែកជីកហ្វូណនតេជោ

27-មេសា-2024 - ម៉ោង 09:02:AM

រាជធានីភ្នំពេញ៖ ជាការពិតណាស់ នៅតាមបណ្ដាប្រទេសនានា នៅលើពិភពលោក តែងតែបង្កើននូវការអភិវឌ្ឍផ្លូវគមនាគមន៍ ទាំងផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក ឲ្យកាន់តែទំនើបឡើង ព្រោះវាជាសរសៃឈាម សម្រាប់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសជាតិ ហើយឥឡូវ ប្រទេសកម្ពុជារបស់យើង ក៏កំពុងតែរៀបចំ អភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់មួយរបស់ខ្លួន ដោយតភ្ជាប់ពីទន្លេមេង្គ ឆ្ពោះទៅកាន់សមុទ្រ សម្រាប់ការតភ្ជាប់ទៅកាន់បណ្ដាញផ្លូវដឹកជញ្ជូនពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក។

 

 

លោក ស៊ុន ចាន់ថុល កាលនៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានមានប្រសាសន៍ កាលពីអំឡុងឆ្នាំ២០២៣ ថា នៅក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីពេលកន្លងទៅនេះ លោកបានធ្វើបទបង្ហាញជូនគណៈរដ្ឋមន្ត្រី អំពីប្រព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ឆ្ពោះទៅកាន់សមុទ្រកម្ពុជា ដែលប្រព័ន្ធនេះមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការកាត់បន្ថយចម្ងាយ តម្លៃ នីតិវិធីបែបបទ នៅក្នុងការឆ្លងកាត់ទំនិញ ចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់សមុទ្រ។

 

 

លោក ស៊ុន ចាន់ថុល បានបន្ថែម ថា គម្រោងព្រែកជីកហ្វូណនតេជោ នេះ បើតាមគម្រោង នឹងយកភូមិសាស្រ្តខេត្តកែប ក្លាយជាច្រកដ៏សំខាន់ សម្រាប់តភ្ជាប់ទៅកាន់ទន្លេ ហើយបើតាមរយៈគម្រោងនេះ គឺខេត្តកែប នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត។ បន្ថែមពីនោះទៀត ក្រោយពេលគម្រោងនេះ បានសម្រេចរួចរាល់ហើយនោះ ប្រទេសកម្ពុជា ពិតជាអាចទទួលនូវអត្ថប្រយោជន៍យ៉ាងច្រើនមហាសាល ដូចជា ការកាត់បន្ថយ រយៈពេលចម្ងាយ និង តម្លៃដឹកជញ្ជូន នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ,ធារាសាស្ត្រ, វារីវប្បកម្ម, ទេសចរណ៍និងចិញ្ចឹម សត្វ…ជាដើម។ រីឯគម្រោងព្រែកជីកហ្វូណនតេជោ នេះ បានសិក្សាយ៉ាងលម្អិតខ្លាំងណាស់ ដោយបានសិក្សា អស់រយៈពេល២៦ខែ ដើម្បីធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ដល់បរិស្ថាន។

 

 

ខាងក្រោមនេះ ជាចំណុចសំខាន់ៗមួយចំនួន ត្រូវឈ្វេងយល់ដឹង អំពីព្រែកជីកហ្វូណនតេជោ៖

 

១- ត្រូវតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និង ផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។

 

២-គ្រោងចំណាយថវិកា សរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។

 

៣-ទីតាំង គឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និង បន្តរហូតដល់សមុទ្រខេត្តកែប។

 

៤-ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប។

 

៥-តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ នឹងទទួលបានផលពីព្រែកជីកនេះ។

 

៦- ព្រែកជីកនេះ មានទទឹងផ្នែកខាងលើប្រវែង១០០ម៉ែត្រ ទទឹងផ្នែកខាងក្រោមប្រវែ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និង គម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និង ចៀសគ្នាបាន ដោយសុវត្ថិភាព។

 

 

ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធត្រូវសាងសង់ រួមមាន៖ សន្ទះផ្លូវនាវាចរណ៍ ចំនួន៣កន្លែង, ស្ពានចំនួន១១កន្លែង, ផ្លូវអមសងខាងប្រវែងសរុបប្រមាណ២០៨គីឡូម៉ែត្រ។ ព្រែកជីកនេះគ្រោងសាងសង់ និង ប្រើប្រាស់ពេលវេលា ចំនួន៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។

 

 

ព្រែកជីកនេះ នឹងមានអត្ថប្រយោជន៍យ៉ាងច្រើន រួមមាន៖ កាត់បន្ថយ រយៈពេលចម្ងាយ និង តម្លៃសម្រាប់ការដឹកជញ្ជូន នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង ចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ និង កំពង់ផែផ្សេងៗទៀត, ការជំរុញដល់ការអភិវឌ្ឍទីក្រុង, នគរូបនីយកម្ម និង ការជំរុញដល់ការរីកចម្រើនផ្នែកអចលនទ្រព្យ…ជាដើម៕

ពត័មានពេញនិយម