អាជ្ញាធរខេត្តព្រះសីហនុ បង្ក្រាបជនបរទេសប្រុសស្រីញៀនល្បែងស៊ីសង រាប់រយនាក់

11-មិនា-2024 - ម៉ោង 10:15:AM



ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានបង្ក្រាបទីតាំងបើកល្បែងស៊ីសងតាមអនឡាញលួចលាក់ ចំនួន២កន្លែង ដោយបានឃាត់ខ្លួនជនបរទេសប្រុសស្រី រាប់រយ ហើយបានបញ្ជូនទៅកាន់តុលាការ និង ត្រៀមខ្លួនបណ្ដេញពួកគេ ចេញពីប្រទេសកម្ពុជា។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ថា សមត្ថកិច្ច បានបង្ក្រាបល្បែង ចំនួន២ទីតាំង រួមមាន៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះបង្ក្រាប នៅទីតាំងអតីតកាស៊ីណូ ភែរឺដល អាយឡែន (Paradis Island) ស្ថិតក្នុងខេត្តព្រះសីហនុ ដោយបានរកឃើញជនបរទេស ចំនួ១៧២នាក់ ហើយក្នុងនោះមានស្ដ្រី ចំនួន៤៣នាក់។ ជនបរទេសទាំងនោះ មានចំនួន៤សញ្ជាតិ រួមមាន ជនជាតិវៀតណាម ចំនួន១០៩នាក់, ថៃ ចំនួន៥៤នាក់, ចិនតៃវ៉ាន់ ចំនួន៨នាក់ និង ជនជាតិចិនដីគោក ម្នាក់។ រីឯអ្នកគ្រប់គ្រង មានចំនួន៥នាក់ ហើយក្នុងនោះមានស្រី២នាក់ និង មាន២សញ្ជាតិ គឺចិនតៃវ៉ាន់៤នាក់ និងចិនដីគោកម្នាក់។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។ រីឯជនបរទេស ចំនួន១៦៧នាក់ ហើយក្នុងនោះមានស្ដ្រីចំនួន៤១នាក់ និង មានចំនួន៣សញ្ជាតិ មានដូចជា៖ វៀតណាម ចំនួន១០៩នាក់, ថៃចំនួន៥៤នាក់ និង ចិនតៃវ៉ាន់ចំនួន៤នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។

ដោយឡែក ទីតាំងទី២ ត្រូវបានសមត្ថកិច្ចបង្ក្រាប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងក្រុមទី២៣ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ដោយបានរកឃើញជនជាតិខ្មែរ ចំនួន២៧៩នាក់ ហើយក្នុងនោះមានស្រ្ដីចំនួន២២៧នាក់ និង រកឃើញជនបរទេសចំនួន២៨នាក់ ហើយក្នុងនោះ មានស្ដ្រី៣នាក់ និង មាន២សញ្ជាតិ គឺចិន២៧នាក់ និង មីយ៉ាន់ម៉ាម្នាក់។ រីឯចំណាត់ការតាមផ្លូវច្បាប់វិញ គឺជនបរទេសចំនួន២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន២៧នាក់ និងមីយ៉ាន់ម៉ា១នាក់) ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។

កិច្ចប្រតិបត្តិការបង្រ្កាបទាំងនេះ បានធ្វើឡើង នៅក្នុងគោលដៅ ដើម្បីលុបបំបាត់ឲ្យអស់ចំពោះទីតាំងមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ៕

ពត័មានពេញនិយម