អតីតប្រធានាធិបតី ដូណាល់ ត្រាំ វិលមកប្រជែងដណ្ដើម ធ្វើម្ចាស់សេតវិមានជាថ្មីជាមួយនឹង

15-មិនា-2024 - ម៉ោង 07:24:PM

 

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការឡាំប៉ា និង ញុះញង់ដល់អ្នកគាំទ្រ បង្កការអុកឡុកដល់វិមានកាពីតូល បន្ទាប់ពីចាញ់ការបោះឆ្នោតប្រធានាធិបតី កាលពី៤ឆ្នាំមុននេះ ឥឡូវ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលហ៊ុមព័ទ្ធ ដោយបណ្ដឹងជាច្រើនករណី រូបនេះ បានឈ្នះនូវការតែងតាំងរបស់គណបក្សសាធារណរដ្ឋ ហើយគាត់នឹងចូលខ្លួន មកប្រជែងកាន់កាប់តំណែងម្ចាស់សេតវិមានសាជាថ្មី តទល់ជាមួយនឹងប្រធានាធិបតីបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងពេលខាងមុខនេះ។

បណ្ដាញទូរទស្សន៍ Bloomberg បានផ្សាយ នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ថា លោក ដូណាល់ ត្រាំ (Donald Trump) បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋ។ នេះជាការត្រឡប់ ចូលមកក្នុងឆាកនយោបាយជាថ្មីដ៏គួរឱ្យភ្ញាក់ផ្អើល ហើយវត្ដមានរបស់គាត់ នាំឲ្យមានការសោកស្ដាយ និង ការសងសឹក និង ចូលជាផ្លូវការនូវអ្វីដែលនឹងក្លាយជាការបោះឆ្នោតទូទៅដ៏យូរបំផុត និង ថ្លៃបំផុត នៅក្នុងការចងចាំ នាពេលកន្លងទៅថ្មីៗនេះ។

សារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានរាយការណ៍ ថា អតីតប្រធានាធិបតី កាលពីយប់ ថ្ងៃអង្គារ (ទី១២ ខែមីនា) បានឆ្លងផុតកម្រិតកំណត់មួយ សម្រាប់ចំនួនប្រតិភូ ដែលត្រូវការដើម្បីក្លាយជាអ្នកតែងតាំងរបស់គណបក្សសាធារណរដ្ឋ។ នេះជាការអនុញ្ញាតឱ្យលោក ដូណាល់ ត្រាំ មានសេរីភាព នៅក្នុងការបង្រួបបង្រួមប្រតិបត្តិការនយោបាយរបស់គណបក្សសាធារណរដ្ឋ ហើយបង្វែរនូវការយកចិត្តទុកដាក់របស់គាត់ ទាំងស្រុង ឆ្ពោះទៅរកការផ្គូផ្គងឡើងវិញ ជាមួយប្រធានាធិបតីបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)។

គណបក្សសាធារណរដ្ឋ បានតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅចុងឆ្នាំ២០២៤នេះ ហើយគាត់នឹងត្រូវប្រជែងជាថ្មី ជាមួយនឹងលោកប្រធានាធិបតី ចូ បៃដិន ដើម្បីឡើងគ្រប់គ្រងសេតវិមាន៕

ពត័មានពេញនិយម