សមត្ថកិច្ច ដេញចាប់ក្មេងស្ទាវពេញមួយយប់ ឃាត់ខ្លួនជាង១០នាក់

13-មិនា-2024 - ម៉ោង 05:41:PM

រាជធានីភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកម៉ូតូដេញតាម និង ឃាត់ខ្លួនក្មេងស្ទាវជាបន្ដបន្ទាប់ ចំនួន១២នាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៤ នៅក្បែរវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ព្រំប្រទល់ជាប់នឹងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានជិះម៉ូតូចេញល្បាត នៅតាមភូមិសាស្រ្តនានា នៅក្នុងរាជធានីភ្នំពេញ។ បន្ទាប់មក សមត្ថកិច្ចបានបន្ដដំណើរមកប្រចាំការ នៅតាមគោលដៅក្បែរវិមានឯករាជ្យ ក៏ប្រទះឃើញក្រុមក្មេងស្ទាវមួយក្រុម បានជិះម៉ូតូជាច្រើនគ្រឿង មកប្រមូលផ្តុំគ្នានោះទីនោះដែរ។ ប៉ុន្ដែគ្រាន់តែពួកគេបានឃើញសមត្ថកិច្ច ក៏នាំគ្នាបើកម៉ូតូរត់គេចខ្លួន ធ្វើឲ្យសមត្ថកិច្ចសង្ស័យ ជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ផ្លូវមុខព្រះបរមរាជវាំង។

ប្រភពព័ត៌មានដដែល បានបន្ដ ថា ឃើញបែបនេះ ក្មេងស្ទាវទាំងនោះ បានជិះម៉ូតូ ជ្រុលទៅបុកមន្ត្រីនគរបាលម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបន្ដបើកយ៉ាងល្បឿនរត់គេចខ្លួន រហូតនៅខណ្ឌដូនពេញ ទើបឃាត់ខ្លួនបានជាច្រើននាក់ ខណៈបក្ខពួកផ្សេងៗទៀតបានបន្តជិះរត់កាត់តាមផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខណ្ឌកំបូល ទើបសមត្ថកិច្ចឃាត់បាន។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បាននាំខ្លួនក្មេងស្ទាវចំនួន១២នាក់ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម