កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

23-មេសា-2024 - ម៉ោង 10:37:AM

 

ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគីកម្ពុជា- ចិនបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យកសិកម្ម នៅកម្ពុជា។

ឯកសារសំខាន់ចំនួន៣នេះរួមមាន៖
ទី១៖ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅជនបទដំណាក់កាលទី២

ទី២៖ វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា

ទី៣៖ ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវការអនាម័យ សម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេចធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។


ជាមួយគ្នាភាគីទាំងពីរក៏រៀបចំពិធីប្រគល់-ទទួលសៀវភៅ កំណត់ហេតុរបស់នគរចេនឡា អំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដែរ។

សូមជម្រាបថា ឯកឧត្តម វ៉ាង យី (WANG YI) បានអញ្ជើញមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។ ប្រមុខការទូតចិន រូបនេះនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រហូតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ដោយ Yous Sitha

ពត័មានពេញនិយម