រន្ធត់ចិត្ដជំនួសគ្រួសារ! បុរសម្នាក់ដឹកអង្ករយកទៅឲ្យបងប្អូន ដល់ត្រឹមពាក់កណ្ដាលផ្លូវ រថយន្ដធំកិនផ្ដាច់

26-មេសា-2024 - ម៉ោង 11:20:AM

រាជធានីភ្នំពេញ៖ បុរសម្នាក់ ទើបនឹងចាកចេញពីផ្ទះរបស់ខ្លួន ធ្វើដំណើរទៅផ្ទះបងប្អូន ស្រាប់តែជួបនឹងគ្រោះចង្រៃ ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល ខ្ទាតចូលក្រោមកង់រថយន្ដធំ កិនចំពីលើក្បាលផ្ដាច់យកជីវិតយ៉ាងរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង ៥១នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ១០៤ ស្ថិតក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ ជនរងគ្រោះ បានជិះម៉ូតូ ម៉ាក Scoopy ពាក់ស្លាកលេខ ភ្នំពេញ 1IM-7487 ចេញពីផ្ទះនៅម្ដុំចំការមន ដើម្បីដឹកអង្ករយកទៅឲ្យបងប្អូន នៅកំបូល ហើយបន្ដធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ១០៤ នៅក្នុងទិសដៅ ពីកើតទៅលិច បញ្ច្រាសទិសគ្នា ជាមួយនឹងបុរសម្នាក់ទៀត ជិះម៉ូតូ ម៉ាក Honda Dream ពាក់ស្លាកលេខ ភ្នំពេញ 1KK-0274 ។ លុះពេលពួកគេបានធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យដួលទៅលើថ្នល់។ ប៉ុន្ដែជាអកុសល អ្នកជិះម៉ូតូ Scoopy បានខ្ទាតចេញពីម៉ូតូហើយត្រូវបានរថយន្ដធុនធំមួយគ្រឿង មិនចាំម៉ាក និង ស្លាកលេខ បើកមក ដល់ កិនចំពីលើក្បាល បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច ខណៈអ្នកជិះម៉ូតូ ម៉ាកហុងដាឌ្រីម បានរងរបួសធ្ងន់។ ឃើញហេតុការណ៍បែបនេះ អ្នកបើករថយន្ដធុនធំមួយគ្រឿងនោះ បានបន្ថែមល្បឿន គេចខ្លួនបាត់ស្រមោល។ ដោយឡែក អ្នករងរបួសធ្ងន់ ត្រូវបានគេបញ្ជូន តាមរថយន្ដសង្គ្រោះបន្ទាន់ ដឹកទៅសង្គ្រោះជីវិត នៅក្នុងមន្ទីរពេទ្យ។



ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយស្រាវជ្រាវតាមចាប់រថយន្តធុនធំមួយគ្រឿងនោះ យកមកចាត់ការបន្តតាមនីតិវិធី។ បន្ទាប់មក សមត្ថកិច្ចក៏បានទាក់ទងទៅក្រុមគ្រួសាររបស់ជនរងគ្រោះ ដើម្បីមកដឹកយកសាកសព ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយកញ្ញា លីលី និង លោក សុខ ផាយុទ្ធ

Video Live

ពត័មានពេញនិយម