ចៅហ្វាយខេត្តកំពត លើកលែងទោសដល់បុរសម្នាក់ បង្ហាញទង្វើអសីលធម៌នៅក្បែរសេះសមុទ្របាញ់ទឹក

26-មេសា-2024 - ម៉ោង 11:14:AM

ខេត្តកំពត៖ ក្រោយពេលផ្ទុះនូវការរិះគន់យ៉ាងខ្លាំង ដល់បុរសម្នាក់ ដែលបានបង្ហោះរូបថតឈរនោម នៅក្បែររូបសំណាកសេះសមុទ្របាញ់ទឹក នៅខេត្តកំពត ហើយវាជាការបង្ហាញ អំពីសកម្មភាពអសីលធម៌នោះមក មេប៉ូលិសខេត្តមួយនេះ ក៏បានកោះហៅជននោះឲ្យទៅចូលទៅជួប នៅស្នងការដ្ឋាននគរបាលខេត្ត ហើយនៅទីបំផុត លោកចៅហ្វាយខេត្ដកំពត បានសុខចិត្តទទួលយកនូវការសុំទោស និង អប់រំណែនាំដល់បុគ្គលនោះ នៅក្នុងឋានៈជាបងជាពូ ដោយជំរុញឲ្យគេកែខ្លួនជាយុវជនដ៏ល្អ សម្រាប់សង្គមជាតិ។

សមត្ថកិច្ចខេត្តកំពត បានឲ្យដឹង ថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក ស៊ុ សារុន ហៅ SantaKH ចូលជួបសុំទោស ចំពោះកំហុសខុសឆ្គងរបស់ខ្លួន ដែលគេបានថតរូបបង្ហាះ ដោយគ្មានសីលធម៌ ជាមួយនឹងរូបសំណាកសេះសមុទ្របាញ់ទឹក ដែលកំពុងតែទាក់ទាញអ្នកទេសចរជាតិ និង អន្ដរជាតិ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអប់រំណែនាំ នៅក្នុងនាមជាបង ដើម្បីឲ្យបុគ្គលនេះ ត្រូវតែធ្វើជាយុវជនល្អ នៅក្នុងសង្គម ហើយផ្សព្វផ្សាយនូវអ្វីៗដែលល្អឲ្យបានច្រើន ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និង មិនត្រូវធ្វើនូវទង្វើទាំងឡាយណា ដែលប្រាសចាកនូវសីលធម៌ នាំឲ្យប៉ះពាល់ដល់សង្គមនោះឡើយ ហើយឈប់ប្រព្រឹត្ដនូវអ្វីដែលនាំឲ្យមានកំហុសខុសឆ្គងបន្ដទៅទៀត។

ស្របគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរសារបង្ហោះ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា លោក SantaKH បានដឹងអំពីកំហុស ហើយបានមកសុំទោស ដោយផ្ទាល់ ជួបជាមួយនឹងឯកឧត្តម អភិបាលខេត្ត និង សុំទោសជាសាធារណៈម្តងទៀត ជុំវិញកំហុសឆ្គងរបស់ខ្លួន នៅក្នុងការថតរូបមិនសមរម្យ។

ម្ចាស់គណនី SantaKH បានសរសេរសារបង្ហោះភ្លាមៗ នៅលើគណនីរបស់ខ្លួន ក្រោយពេលស្នងការដ្ឋាននគរបាលខេត្តកំពត បានកោះហៅឲ្យចូលខ្លួនទៅបំភ្លឺ ថា ជាដំបូង សូមគោរពដល់ថ្នាក់ដឹកនាំ និង សូមគោរពបងប្អូនខ្មែរយើង ទូទាំងប្រទេស។ ខ្ញុំបាទ ស៊ុ សារុន ហៅ សាន់តា សូមចេញមុខ ដឹងនូវកំហុសឆ្គង ដែលបានថតរូបមិនគប្បី ជាមួយនឹងរូបសំណាកសេះសមុទ្រ ដោយអចេតនា ខ្ញុំពិតជាសុំទោសបងប្អូនជនរួមជាតិ សុំទោស ដែលខ្ញុំថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ មកពីខ្ញុំ ពុំសូវមានចំណេះដឹង គិតមិនបានវែងឆ្ងាយ។

គណនីដដែលនោះ បានសរសេរបន្ដ ថា ទាក់ទងនឹងរូបភាពបែកធ្លាយ គឺជារូបភាព ដែលខ្ញុំបានថតកម្សាន្ត Copy Style តាមបងប្អូន និង បានយកមកដាក់ Story លេង នៅវេលាម៉ោង១២យប់ តែ៣នាទីក្រោយមក ខ្ញុំក៏បានលុបចោលវិញភ្លាមៗ ព្រោះគិត ថា រូបមានសកម្មភាពមិនសមរម្យ។ សម្រាប់ការថតរូបនេះ គឺពិតជាគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្ររបស់ប្រទេសខ្ញុំឡើយ។ កំហុសមួយនេះ ខ្ញុំនឹងចងចាំអស់មួយជីវិត មិនឲ្យមានលើកក្រោយ និង សង្ឃឹម ថា បងប្អូនជនរួមជាតិរបស់ខ្ញុំ អត់ឱនឲ្យមនុស្សគ្មានការអប់រំ ដូចខ្ញុំបាទ។

ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តកំពត បានក្រើនរំឭកដល់ប្រជាពលរដ្ឋទូទៅ ជាពិសេស ក្មេងៗជាយុវវ័យ ត្រូវតែធ្វើនូវទង្វើទាំងឡាយណា ដែលនាំមកនូវការរីកចម្រើនដល់សង្គម ហើយសូមបញ្ឈប់នូវសកម្មភាពទាំងឡាយណា នាំឲ្យប៉ះពាល់ដល់សីលធម៌ វប្បធម៌ និង ប្រពៃណីដ៏ថ្លៃថ្នូររបស់ជាតិយើង ព្រោះប្អូនៗទាំងអស់គ្នា ជាទំពាំងស្នងឫស្ស៊ី ត្រូវតែបន្ដវេនថែរក្សាប្រទេសជាតិរបស់យើងឲ្យរុងរឿង បន្ដទៅថ្ងៃអនាគត៕

ពត័មានពេញនិយម