តុលាការក្រុងហូជិមិញ បន្ដកាត់ទោសមហាសេដ្ឋីម្នាក់ ជាស្ថាបនិកក្រុមហ៊ុនភេសជ្ជៈដ៏ល្បីល្បាញរបស់វៀតណាម

27-មេសា-2024 - ម៉ោង 08:56:AM

រដ្ឋធានីមូស្គូ៖ មហាសេដ្ឋីម្នាក់ ជាស្ថាបនិកក្រុមហ៊ុនភេសជ្ជៈដ៏ល្បីល្បាញបំផុតរបស់វៀតណាម ត្រូវបានតុលាការទីក្រុងហូជីមិញ ដែលខ្មែរធ្លាប់ហៅជាទីក្រុងព្រៃនគរ សម្រេចផ្ទន្ទាទោស ដាក់ពន្ធនាគារយៈពេល៨ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមការចោទប្រកាន់ ពីបទកេងបន្លំ មានទំហំទឹកប្រាក់ ៤០លានដុល្លារ ហើយករណីនេះ ក៏ជាការបង្ក្រាបទៅលើអំពើពុករលួយចុងក្រោយ ទៅលើពាណិជ្ជករដ៏ល្បីល្បាញរបស់ប្រទេសកុម្មុយនិស្ដមួយនេះ បន្ទាប់ពីការកាត់ទោសប្រហារជីវិតមហាសេដ្ឋិនីម្នាក់របស់វៀតណាម ពាក់ព័ន្ធនឹងការគេងបន្លំលុយ រហូតដល់១២,៤៦ពាន់លានដុល្លារអាមេរិក៕

 

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា ថា លោក ត្រាន គី ថាញ (Tran Qui Thanh) ស្ថាបនិក និង ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន តាន ហ៊ាប ផាត បេវើរេគ ហ្គូប (Tan Hiep Phat Beverage Group) ត្រូវបានតុលាការទីក្រុងហូជីមិញ កាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេលប្រាំបីឆ្នាំ ពីបទរំលោភលើទំនុកចិត្ត និង ក្លែងបន្លំទ្រព្យសម្បត្តិ។

 

ដោយឡែក កូនស្រីរបស់គាត់ គឺអ្នកស្រី ត្រាន អ៊ូយេន ហ៊្វួង (Tran Uyen Phuong) ត្រូវបានតុលាការព្យួរទោស រយៈពេល៤ឆ្នា និង អ្នកស្រី ត្រាន ង៉ុក ប៊ិច (Tran Ngoc Bich) ក៏ត្រូវបានព្យួរទោស រយៈពេល៣ឆ្នាំ ក្រោមការការចោទប្រកាន់ដូចគ្នានេះដែរ។

 

ក្រោយការជំនុំជម្រះក្ដី អស់រយៈពេល៣ថ្ងៃរួចមក តុលាការប្រជាជនទីក្រុងហូជីមិញ បានប្រកាសសាលក្រម កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។ បើតាមរឿងក្ដីនេះ បានកើតឡើង ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ហើយពួកគេទាំង៣ឪពុកកូន បានផ្តល់ប្រាក់កម្ចី ដល់បុគ្គលចំនួន៤នាក់ តាមរយៈអន្តរការី រួមមាន៖ ១-ឈ្មោះ ឡាម សុន ហង (Lam Son Hoang), ២-ឈ្មោះ ង្វៀន ហួយ ដុង (Nguyen Huy Dong), ៣-ឈ្មោះ ង្វៀន វ៉ាន់ ជុង (Nguyen Van Chung) និង ៤-ឈ្មោះ ដាង ធី គីម អូញ (Dang Thi Kim Oanh)។ រីឯការផ្តល់ប្រាក់កម្ចីទាំងនេះ នឹងផ្តល់ជូនអត្រាការប្រាក់មានកម្រិតខ្ពស់ហួសប្រមាណ រហូតដល់៣ភាគរយ ក្នុងមួយខែ ឬ៣៦ភាគរយ ក្នុងមួយឆ្នាំ ហើយលោក ថាញ បានតម្រូវឱ្យអ្នកខ្ចី ឬ កូនបំណុល ត្រូវតែចុះហត្ថលេខានៅលើកិច្ចសន្យាផ្ទេរទ្រព្យសម្បត្តិ ឬ ភាគហ៊ុន នៃគម្រោងនេះ ដើម្បីលាក់កំបាំងនូវការផ្តល់ប្រាក់កម្ចី។

 

បើទោះជាអ្នកខ្ចី ឬ កូនបំណុល បានបំពេញកាតព្វកិច្ចសងប្រាក់ត្រឡប់ទៅវិញរួចហើយយ៉ាងណាក្ដី ក៏ លោក ថាញ និង កូនស្រីរបស់គាត់ បានបដិសេធប្រគល់នូវទ្រព្យសម្បត្តិ វិលត្រឡប់ទៅកូនបំណុល ដោយពួកគេបានលើកហេតុផល ថា អ្នកខ្ចី ឬ កូនបំណុល បានបំពារបំពាននូវកិច្ចសន្យារបស់ខ្លួន។ ដោយឡែក តម្លៃទ្រព្យសម្បត្តិសរុប ដែលជនរងគ្រោះទាំងបួននាក់ ត្រូវបានជនត្រូវចោទទាំង៣នាក់ កេងប្រវញ្ចនោះ គឺមានទំហំទឹកប្រាក់ចំនួន ១០៤៨ ពាន់ដុង (លុយវៀតណាម) ឬស្មើនឹងប្រហាក់ប្រហែលជាង៤៤,២៨លានដុល្លារអាមេរិក។

 

សូមជម្រាប ថា តុលាការទីក្រុងហូជីមិញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីនេះ បានសម្រេចកាត់ទោសដល់លោកស្រី ទ្រួង មីឡាន (Truong My Lan) មហាសេដ្ឋិនី(អាន៖មហាសេដថិណី) អចលនទ្រព្យ និង ប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat Holdings Group ក្រោមការចោទប្រកាន់ ពីបទក្លែងបន្លំលុយ រហូតដល់១២,៤៦ពាន់លានដុល្លារអាមេរិក៕

ពត័មានពេញនិយម