សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបង្កើតចលនាជាតិគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ

27-មេសា-2024 - ម៉ោង 08:54:AM

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈស្វែងរកការគាំទ្រពីប្រជាជនកម្ពុជាគ្រប់រូប ឲ្យក្លាយជាចលនាជាតិមួយដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណនតេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។

 

 


ថ្លែង ក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ា កម្ពុជានៅរាត្រីថ្ងៃទី២៦ ខែមេសា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ។

 

 

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ត្រូវតែការពារឲ្យបានជាដាច់ខាត ហើយត្រូវតែឲ្យព្រែកជីកមួយនេះ លេចចេញជារូបរាងឡើង ព្រោះសម្ដេចជាអ្នកសម្រេចចិត្ត កាលពីនៅកាន់តំណែងជានាយករដ្ឋមន្ដ្រី កាលពីនីតិកាលទី៦។ សម្ដេចបានទាត់ចោលនូវការលើកឡើងទាំងឡាយអំពីផលប៉ះពាល់របស់ប្រទេសដទៃ ដែលចាត់ទុកថា ការកសាងព្រែកជីកនេះ ដើម្បីបង្កលក្ខណៈឲ្យកងទ័ពចិន។


ជាមួយគ្នានេះ សម្ដេចតេជោ បានពន្យល់ត្រួសៗថា ព្រែកជីកហ្វូណនតេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូន ផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ។ គម្រោងព្រែកជីកនេះមិនត្រឹមតែធ្វើឲ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ។

 

 

សម្ដេចតេជោ បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យទំនិញរបស់កម្ពុជា មិនបាច់ឆ្លងកាត់វៀតណាម មិនបាច់បង់ថ្លៃបន្ថែមពេលឆ្លងកាត់តាមប្រទេសវៀតណាម។ សម្តេចសង្ឃឹមថា មេដឹកនាំវៀតណាម នឹងយល់ពីអ្វីដែលសម្តេចបានលើកឡើងពេលនេះ។

 

 

សូមជម្រាបជូនថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់ សមុទ្រ របស់កម្ពុជា ដោយ ឆ្លង កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ ទុន ប្រមាណ ១.៧០០លាន ដុល្លារ អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕

ពត័មានពេញនិយម