ផ្ទុះគ្រាប់បេ៤១ ឆក់យកជីវិតមនុស្ស៤នាក់ ធ្វើឲ្យអ្នកភូមិភ័យអំពីគ្រោះចង្រៃ ចង់ដុតបំផ្លាញផ្ទះសម្បែងរបស់ជនរងគ្រោះ

23-មេសា-2024 - ម៉ោង 10:20:AM

ខេត្តមណ្ឌលគិរី៖ ក្រោយពេលកើតមានករណីផ្ទុះគ្រាប់ B-41 បានឆក់យកជីវិតមនុស្សចំនួន៤នាក់ និង ២នាក់ទឥត រងបួសស្រាល កាលពីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចត្រពាំងតុង ស្ថិតក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រួចមក អ្នកភូមិមានការភ័យស្លន់ស្លោ អំពីគ្រោះចង្រៃ ចូលមកដល់ភូមិ ហើយមានគោលបំណងចង់ដុតបំផ្លាញផ្ទះសម្បែង និង ទ្រព្យសម្បត្ដិពាក់ព័ន្ធរបស់ជនរងគ្រោះចោល ទើបអាជ្ញាធរ បានចុះទៅអប់រំ និង ណែនាំ ហើយទប់ស្កាត់កុំឲ្យមានអបិយជំនឿបែបនេះ។

អ្នកស្រី តែក ខ្លូង ជាជនរងគ្រោះម្នាក់ ស្ថិតក្នុងហេតុការណ៍នោះ បានរៀបរាប់ ថា កាលពីល្ងាចថ្ងៃកើតហេតុ ពួកគាត់ មានគ្នា៦នាក់ បានដើរស្វែងរកជ័ររាំង។ លុះពេលពួកគាត់បានដើរទៅដល់កន្លែងកើតហេតុ ក៏បានឃើញដើមឈើដ៏ធំមួយដើម មានម្លប់ត្រឈឹងត្រឈៃ ហើយបានឃើញគ្រាប់១គ្រាប់ ប្រវែងប្រហែលកន្លះម៉ែត្រ នៅនឹងគល់ឈើនោះ។ រីឯគាត់ និង កូនម្នាក់ ឈ្មោះ ដា វាសនា បានដើរផុតទៅចម្ងាយ ប្រហែល៥ទៅ៦ម៉ែត្រ ហើយបន្ដិចក្រោយមកក៏បានឮកូនរបស់គាត់សួរទៅតារបស់គេ ដែលជាត្រូវឪពុកក្មេករបស់គាត់ ថា អានេះអីគេលោកតា? ភ្លាមៗនោះឪពុកក្មេករបស់នាង ឈ្មោះ ជើម ក្លេវ បានប្រាប់ ថា អានេះជារបស់សល់ពីបុរាណ។ លុះបន្តិចក្រោយមក ក៏បានឮសំឡេងផ្ទុះពីខាងក្រោយ បណ្តាលឱ្យនាង និង កូនឈ្មោះ ដា វាសនា រងរបួសស្រាល។ ដោយឡែក ឪពុកក្មេក, ប្ដី និង កូន២នាក់ទៀតរបស់គាត់ បានស្លាប់ទាំងអស់គ្នា ហើយភ្លាមៗនោះ គាត់ក៏បាននាំកូនឈ្មោះ ដា វាសនា វិលត្រឡប់មកភូមិវិញ និង បានរាយការណ៍ទៅមេភូមិ។

លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលដឹកនាំកម្លាំងចុះដោយផ្ទាល់ បានឲ្យដឹង ថា បើតាមកម្លាំងជំនាញ បានចុះពិនិត្យជាក់ស្តែង នៅនឹងកន្លែងកើតហេតុ អាចសន្និដ្ឋានបាន ថា ករណីនេះអាចក្មេងលើកគ្រាប់ដែលផ្អែកនឹងដើមឈើ ហើយសួរទៅជីតារបស់គេ រួចហើយក៏ទម្លាក់វាចុះវិញ ទើបបណ្ដាលឱ្យផ្ទុះបែបនេះ។ សមត្ថកិច្ចបានសន្និដ្ឋាន ថា គ្រាប់ដែលបានផ្ទុះនោះ អាចជាប្រភេទគ្រាប់ B-41។

មន្រ្ដីនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹង ថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ រួមមាន៖ ១-ឈ្មោះ ជើម ក្លេវ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិព្នង ត្រូវជាឪពុករបស់ឈ្មោះ ក្លេវ ដា (ស្លាប់), ២-ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិព្នង (ស្លាប់) ត្រូវជាប្ដីរបស់ឈ្មោះ តែក ខ្លូង, ៣-ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិព្នង (របួសស្រាល), ៤-ឈ្មោះ ដា ហាត់ ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាកូន (ស្លាប់), ៥-ឈ្មោះ ដា សាភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាកូន (ស្លាប់) និង ៦-ឈ្មោះ ដា វាសនា ភេទស្រី អាយុ៦ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង៦នាក់ មានទីលំនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អាជ្ញាធរក្រុងសែនមនោរម្យ បានបញ្ជាក់ ថា ដោយសារតែអ្នកភូមិមានជំនឿ អំពីគ្រោះចង្រៃ នាំចូលមកដល់ភូមិ ទើបកាលពីទី២២ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរក្រុងសែនមនោមរម្យ និង មន្ត្រីសង្កាត់រមនា បានចុះទៅពន្យល់ ណែនាំ និង អប់រំ ហើយបានហាមឃាត់ដល់បងប្អូនអ្នកភូមិ និង ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់ កុំឲ្យមានអារម្មណ៍ ឬ ភ័យខ្លាច ហើយឈានដល់ការដុតបំផ្លាញផ្ទះសម្បែង ឬ ទ្រព្យសម្បត្តិនានារបស់ជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងហេតុការណ៍នេះ ខណៈពួកគាត់ ចង់ដុតផ្ទះ២ខ្នងរបស់អ្នកស្លាប់។

មន្ត្រីក្រុងសែនមនោរម្យ បានបន្ដ ថា រឿងអបិយជំនឿពីមនុស្សស្លាប់ ដោយគ្រោះថ្នាក់ផ្សេងៗ ឬ ស្លាប់ក្នុងឧបទ្ទេវហេតុអ្វីមួយ តាំងពីបុរាណរហូតមក គឺប្រពៃណីរបស់ជនជាតិដើមភាគតិច នៅក្នុងខេត្តមណ្ឌលគិរី តែងតែសន្មត់ ថា ខ្មោចតៃហោង ហើយតម្រូវឱ្យសាច់ញាតិរបស់គ្រួសារសព មានប្ដី ឬ ប្រពន្ឋ ឬកូនៗ ត្រូវតែរៀបចំពិធីសែនព្រេនថ្វាយគោ មាន់ ទា ជ្រូក និង ស្រាពាង ជាដើម។ ក្រៅពីពិធីសែននេះ តាមភូមិខ្លះ ឈានដល់ការរុះរើ និងដុតផ្ទះ រួមទាំងទ្រព្យសម្បត្តិនានា ដែលពាក់ព័ន្ធរបស់ជនរងគ្រោះ។ មិនត្រឹមប៉ុណ្ណោះ បើសភាពកាន់តែធ្ងន់ គឺបណ្ដេញគ្រួសាររបស់សពចេញពីភូមិ។ សូម្បីនៅថ្ងៃកើតហេតុ ខណៈសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និង ស្រាវជ្រាវករណីនេះ ហើយបានស្នើសុំដល់អ្នកភូមិ ជួយសហការជូនកម្លាំងជំនាញ ទៅកាន់ទីតាំងកើតហេតុ ក៏គ្មានអ្នកភូមិណាម្នាក់ ចេញមកជួយនាំផ្លូវនោះដែរ។ ចំណែកសភាពផ្ទះរបស់សពជនរងគ្រោះទាំងបួននាក់ មានភាពស្ងាត់ជ្រងំ គ្មានពិធីបុណ្យសព គ្មានសាច់ញាតិចូលរួមរំលែកទុក្ខអ្វីឡើយ។ ដោយឡែក អ្នកជិតខាងបានត្រឹមឈរមើលពីចម្ងាយ មិនហ៊ានឆ្លងរបងចូលក្នុងបរិវេណផ្ទះសព។ ប៉ុន្ដែក្រោយពេលមានអន្តរាគមន៍ពន្យល់ និង ណែនាំពីអាជ្ញាធររួចមក ទើបមានសាច់ញាតិរបស់សព និង មនុស្សជិតដិតខ្លះ បានមកជួយកាប់ជ្រូក មាន់ ទា រៀបចំពិធីសែនព្រេន តាមប្រពៃណីរបស់ពួកគាត់៕

ពត័មានពេញនិយម