បុរសកំណាចម្នាក់ ផ្ទុះភ្លើងប្រចណ្ឌខឹងមានប្រុសផ្សេងចូលស្ដីដណ្ដឹង ចាប់អារកអតីតប្រពន្ធរបស់ខ្លួន

23-មេសា-2024 - ម៉ោង 10:15:AM

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ បានលែងលះគ្នា ជាមួយនឹងប្រពន្ធរបស់ខ្លួន នៅត្រឹមសាលាឃុំ ហើយបន្ដរួមរស់ នៅក្នុងផ្ទះតែមួយ លុះពេលមានបុរសផ្សេង ចែចូវចង់បានអតីតប្រពន្ធរបស់ខ្លួន ក៏ផ្ទុះភ្លើងប្រចណ្ឌ ចាប់ស្រ្ដីរងគ្រោះអារកសម្លាប់ចោលជាមុន ទើបចងកសម្លាប់ខ្លួនតាមក្រោយ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅភូមិកញ្ជើបាចដាច ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹង ថា គ្រួសារនេះ មានប្ដីឈ្មោះ ហ៊ង ខុម អាយុ៦៤ឆ្នាំ និង មានប្រពន្ធ ឈ្មោះ អៀង ចរិយា អាយុ ៥៥ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅក្នុងភូមិកើតហេតុ។ ប៉ុន្ដែពួកគាត់ទាំង២នាក់ប្ដីប្រពន្ធ បានរស់នៅមិនចុះសម្រុងនឹងគ្នា ហើយក៏បានលែងលះគ្នា នៅត្រឹមសាលាឃុំ អស់រយៈពេលជាយូរឆ្នាំកន្លងមកហើយ ហើយបន្ដរួមរស់នៅក្រោមដំបូលគ្រួសារតែមួយ។ ប៉ុន្ដែកាលពីប៉ុន្មានថ្ងៃ មុនពេលកើតហេតុ ក៏មានបុរសម្នាក់ បានចូលមកចែចូវស្ដីដណ្ដឹងស្រ្តីរងគ្រោះ ដើម្បីយកមកធ្វើជាប្រពន្ធ ស្រាប់តែជនសង័្សយ បានចាប់អារកអតីតប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យបាត់បង់ជីវិត រួចហើយបានចងកសម្លាប់ខ្លួនតាមក្រោយ។

លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្ដៀង បានឲ្យដឹង ថា ក្រុមគ្រួសាររងគ្រោះនេះ ពិតជាមានរឿងរ៉ាវ ដូចបានរៀបរាប់បែបនេះមែន។ ពួកគាត់បានស្ម័គ្រចិត្តលែងលះគ្នារៀងៗខ្លួន អស់រយៈពេល៥ឆ្នាំកន្លងមកហើយ ដោយមានអាជ្ញាធរភូមិ-ឃុំ ជាអ្នកដឹងឮ ប៉ុន្តែពួកគាត់បានបន្ដរួមរស់នៅក្រោមដំបូលគ្រួសារតែមួយ។ ប៉ុន្ដែមួយរយៈចុងក្រោយ ជនសង័្សយ ហាក់បីដូចជាមានអារម្មណ៍ខូចចិត្ត ដោយលែងរវល់ជាមួយនឹងការងារ ហើយគិតតែពីការដើរតែផឹក ក្រោយពេលមានបុរសម្នាក់ បានចូលស្ដីដណ្ដឹង កាលពី៣ទៅ៤ថ្ងៃមុននេះ ដោយមានការបង្គាប់ថ្លៃបណ្ណាការ ចំនួន៥០ម៉ឺនរៀល ខណៈទើបតែប្រគល់លុយមុន ចំនួន៤៨ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់រៀបចំធ្វើពិធីសែនព្រេនដ៏តូចមួយ។ ដោយឡែក ជនទី៣បុរស ដែលបានចូលស្ដីដណ្ដឹងនោះ គឺសមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវ ដើម្បីសួរនាំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ រួចហើយប្រគល់សាកសពទាំង២នាក់ ទៅសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម