រដ្ឋាភិបាលថៃ នឹងចំណាយថវិកាជាង១៣,៥ពាន់លានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

26-មេសា-2024 - ម៉ោង 08:27:AM

រាជធានីបាងកក៖ មន្ត្រីជាន់ខ្ពស់មួយរូប នៃក្រសួងហិរញ្ញវត្ថុថៃ អះអាង កាលពីថ្ងៃពុធ ថា គម្រោងផ្តល់ថវិកា ចំនួន៥00ពាន់លានបាត (លុយថៃ) ឬស្មើនឹង១៣,៥៣ពាន់លានដុល្លាររបស់រដ្ឋាភិបាលក្រុងបាងកក មានគោលបំណងសម្ដៅទៅរកប្រជាជនទូទៅ និង ជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។

 

ធនាគារកណ្ដាលរបស់ប្រទេសថៃ បានប្រាប់ដល់ Reuters ថា ធនាគារបានផ្ញើលិខិតមួយ ជូនទៅគណៈរដ្ឋមន្ត្រីថៃ ជាមួយនឹងអនុសាសន៍របស់ខ្លួន លើគោលនយោបាយកម្មវិធីកាបូបឌីជីថល បន្ទាប់ពីមានការស្នើសុំ ពីរដ្ឋាភិបាល ដើម្បីផ្តល់មតិកែលម្អ។

 

ធនាគារកណ្តាលរបស់ប្រទេសថៃ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ (ទី២៤ ខែមេសា) ថា ធនាគារមួយនេះ មិនមានការគោលបំណង ជំទាស់នឹងការជំរុញដល់កំណើនសេដ្ឋកិច្ចបែបនេះឡើយ ប៉ុន្តែធនាគារកណ្ដាល ចង់ឱ្យមានការកំណត់គោលដៅឲ្យបានច្បាស់លាស់។

 

គោលនយោបាយចែកលុយដល់ប្រជាពលរដ្ឋថៃទូទៅ តាមរយៈកម្មវិធីកាបូបឌីជីថលនេះ បានទទួលការយល់ព្រម ពីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ (ទី២៣ ខែមេសា) ដោយបានត្រួសត្រាយនូវឧបសគ្គមួយផ្សេងទៀត សម្រាប់រដ្ឋាភិបាល ថៃ នៅក្នុងការដាក់ចេញនូវផែនការជំរុញដល់កំណើនសេដ្ឋកិច្ច ដែលនឹងផ្តល់ប្រាក់ ចំនួន ១0 000បាត ឬស្មើនឹងប្រហែល២៧០ដុល្លារអាមេរិក ទៅដល់ដៃរបស់ប្រជាពលរដ្ឋថៃម្នាក់ៗ នៅក្នុងចំណោមប្រជាជន ចំនួន៥០លាននាក់ សម្រាប់ការចំណាយ នៅក្នុងសហគមន៍របស់ពួកគេ នៅក្នុងរយៈពេលប្រាំមួយខែ។

 

លោក ផាវភូម រ៉ូចាណាសាគុល (Paopoom Rojanasakul) លេខារបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កាលពីថ្ងៃពុធ (ទី២៤ ខែមេសា) បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា គោលនយោបាយនេះ នឹងផ្ដល់ប្រាក់ទៅដល់ដៃរបស់ប្រជាជនទូទៅ មិនត្រឹមតែវិស័យដែលងាយរងគ្រោះប៉ុណ្ណោះទេ។

 

កម្មវិធីកាបូបលុយឌីជីថលនេះ ដែលបានពន្យារពេល រហូតដល់ដំណាច់ឆ្នាំ២០២៤ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច និង អតីតទេសាភិបាលធនាគារកណ្តាលមួយចំនួន រិះគន់ ថា នេះជាការចំណាយ មិនមានការទទួលខុសត្រូវ លើផ្នែកសារពើពន្ធ។ បើទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល បានការពារដល់កម្មវិធីនេះ ថា បញ្ហានេះ នឹងមិនប៉ះពាល់ដល់ហិរញ្ញវត្ថុ ជាអវិជ្ជមាននោះឡើយ។

 

ស្របគ្នានេះដែរ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីថៃ ក៏បានបញ្ជាក់ ថា គម្រោងអំណោយលើកម្មវិធីកាបូបឌីជីថលនេះ មានការចាំបាច់ សម្រាប់ការជំរុញដល់កំណើនសេដ្ឋកិច្ច ដើម្បីឲ្យងើបចេញពីវិបត្តិនេះ ខណៈសកម្មភាពបែបនេះ ត្រូវបានទេសាភិបាលធនាគារកណ្តាល មិនឯកភាព៕

ពត័មានពេញនិយម