រថយន្ដមួយគ្រឿង បើកលឿនដូចហោះបុកពំនុះទ្រូងផ្លូវ ធ្វើឲ្យអ្នកលក់ដូរពេលរាត្រីភ័យព្រលឹងចុងសក់

27-មេសា-2024 - ម៉ោង 08:57:AM

រាជធានីភ្នំពេញ៖ បុរសម្នាក់ សង័្សយស្រវឹងជោកជាំ បានបើករថយន្ដបោះពួយលឿនដូចហោះ ហើយបានរេចង្កូតទៅបុកពំនុះទ្រូងផ្លូវយ៉ាងពេញទំហឹង លាន់ឮដូចរន្ទះ ធ្វើឲ្យអាជីវករលក់បន្លែតាមផ្លូវសាធារណៈ នៅផ្សារដើមគ ភ័យព្រលឹងចុងសក់ កាលពីវេលាម៉ោង១ និង ១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

បើតាមអ្នកលក់បន្លែ នៅតាមផ្លូវសាធារណៈ នៅជិតផ្សារដើមគ បានឲ្យដឹង ថា ស្របពេលពួកគាត់កំពុងតែលក់បន្លែ នៅពេលរាត្រី ស្រាប់តែមានរថយន្ដកាមរី ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ បានបើកបោះពួយយ៉ាងលឿន តាមបណ្ដោយមហាវិថីព្រះមុនីរ៉េត (ផ្លូវលេខ២១៧)។ លុះពេលរថយន្ដ បើកមកដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបរស្រវឹងជោកជាំផងក៏មិនដឹង ទើបបាត់បង់ម្ចាស់ការលើការគ្រប់គ្រងរថយន្ដ បណ្ដោយឲ្យរេចង្កូត ទៅបុកពំនុះថ្មពុះទ្រូងផ្លូវយ៉ាងពេញទំហឹង លាន់ឮដូចរន្ទះ បណ្ដាលឲ្យរថយន្ដ ក្រឡាប់ផ្ងារជើងទ្រមេឃ ហើយអ្នកលក់ដូរពេលរាត្រីនៅម្ដុំនេះ គឺម្នាក់ៗភ័យព្រលឹងចុងសក់។ ប៉ុន្ដែហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកដំណើរណាម្នាក់នោះឡើយ។

 

ក្រោយពេលកើតហេតុភ្លាមៗនោះ អ្នកបើកបររថយន្ដបង្ក ក៏បានប្រញាប់ប្រញាល់ ដោះស្លាកលេខចេញពីរថយន្ដ ហើយគេចខ្លួនបាត់ស្រមោល ដោយបានបន្សល់ទុកតែរថយន្ដ នៅផ្ងារពោះចង្គ្រាង នៅកាន់ទទឹងថ្នល់ បង្កនូវការរំខាន ដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈ អស់រយៈពេលជាច្រើនម៉ោង ទម្រាំសមត្ថកិច្ច ចុះមកស្ទូចយករថយន្ដបង្កទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម