ជនជាតិថៃមួយក្រុម គេចពីប្រទេសកំណើត មកសំងំសេពនិងជួញដូរថ្នាំញៀននៅកម្ពុជា

26-មេសា-2024 - ម៉ោង 02:43:PM

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃមួយក្រុម មានគ្នា៤នាក់ គឺប្រុស២នាក់ ស្រី២នាក់ បានចូលមកក្នុងប្រទេសកម្ពុជា ហើយបាននាំគ្នាជួញដូរ និង សេពថ្នាំញៀន ហើយក៏អស់លក្ខណ៍ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បង្ក្រាប និង ឃាត់ខ្លួន ចំនួន៤នាក់ កាលពីវេលាម៉ោង២ និង ៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅក្នុងក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

បើតាមអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹង ថា ការបង្ក្រាបករណីគ្រឿងញៀន ទៅលើជនបរទេសទាំង៤នាក់នេះ គឺសមត្ថកិច្ចបានដកហូតវត្ថុតាង គ្រឿងញៀន ប្រភេទម្សៅក្រាមសថ្លា (កេតាមីន) ចំនួន ១២កូនថង់តូច ទម្ងន់ ១៣,២៩ក្រាម, កញ្ឆា ចំនួន៤កូនថង់ ទម្ងន់ ៥៤,២ក្រាម, កញ្ចប់ម្សៅពណ៌ខ្មៅរូបកែវកាហ្វេ ចំនួន១កញ្ចប់ ទម្ងន់ ៣៨,៨៤ក្រាម, កញ្ចប់ម្សៅចម្រុះពណ៌ មានអក្សរ Lemon Zkittlez ចំនួន ១កញ្ចប់ ទម្ងន់ ១៥,៧៦ក្រាម, ម៉ូតូ ចំនួន ១គ្រឿង (ម៉ាកYAMAHA NMAX ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ), ទូរស័ព្ទ ចំនួន៤គ្រឿង ម៉ាកSamsung ពណ៌ស្វាយ ២គ្រឿង, ខូច ២គ្រឿង), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង រួមនឹងវត្ថតាង សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

 

ជនសង័្សយ បានឆ្លើយសារភាព ថា ពួកគេ ពិតជាបានទិញគ្រឿងញៀន យកមកទុកលក់ និង ប្រើប្រាស់ ដោយខ្លួនឯង ប្រាកដមែន។

 

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង័្សយ និង វត្ថុតាង ទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹក ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

ពត័មានពេញនិយម