បុរសម្នាក់ ចង់ស្រាយគំនុំចាស់ ទាញកាំបិតផ្គាក់កាប់ប្រហារទៅលើគូទំនាស់

26-មេសា-2024 - ម៉ោង 01:51:PM

ខេត្ដកណ្ដាល៖ បុរសម្នាក់ បានកើតមានគំនុំគុំកួនចងអាឃាតគ្នា ហើយបានទាញកាំបិតផ្គាក់ស្ទុះទៅកាប់ប្រហារលើគូទំនាស់របស់ខ្លួន ដែលកំពុងតែឈរបាញ់ទឹកស្រោចផ្កា នៅមុខផ្ទះរបស់ខ្លួន បណ្ដាលឲ្យឈាមហូរស្រោចពេញខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹង ថា ជនសង័្សយ បានរត់ទៅកាន់កាំបិតផ្គាក់ដងឫស្សីកាប់ប្រហារ ចំក្បាលបុរសម្នាក់ ដែលកំពុងឈរស្រោចទឹកផ្កា នៅក្នុងរបងផ្ទះរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ក្រោយពេលកើតហេតុភា្លមនោះ សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនសង័្សយ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ កែវ នាង អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្ដីរាជការ និង មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

 

ជនសង័្សយ បានសារភាពប្រាប់សមត្ថកិច្ច ថា ការដែលខ្លួនបានកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់បែបនេះ ក៏ដោយសារតែរឿងគំនុំផ្ទាល់ខ្លួន។

 

ក្រោយពេលឃាត់ខ្លួនរួចមក មន្រ្ដីជំនាញនគរបាលក្រុងតាខ្មៅ កំពុងតែរៀបចំសំណុំរឿង បញ្ជូនជនសង័្សយ ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕

ពត័មានពេញនិយម