សមត្ថកិច្ច បង្ក្រាបក្មេងទំនើងមួយសំបុកប្រដាប់ដោយអាវុធ ត្រៀមបើកឆាកប្រយុទ្ធ

25-មេសា-2024 - ម៉ោង 03:37:PM

រាជធានីភ្នំពេញ៖ ក្មេងទំនើងមួយក្រុម មានរហស្សនាម RSK ប្រដាប់ដោយកាំបិតជាច្រើនដើម ក៏ត្រូវបានសមត្ថកិច្ចចាប់ក្របួច កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមផ្លូវបេតុងមួយខ្សែ ននៅមុខវត្តឧត្តរាវតី ស្ថិតក្នុងក្រុមទី៨ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹង កាលពីព្រឹក ថ្ងៃទី២៥ ខែមេសា ថា នៅមុនពេលឃាត់ខ្លួននោះ សមត្ថកិច្ចបានទទួលបានព័ត៌មានមក ថា មានក្រុមក្មេងស្ទាវមួយក្រុម ប្រហែល២០នាក់ ប្រដាប់ដោយដាវ, ដំបង, កាំបិត, ដុំឥដ្ឋ កំពុងតែជួបជុំគ្នា នៅមុខវត្តឧត្តរាវតី។ ភ្លាមៗនោះកម្លាំងល្បាត បានសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍ និង សមត្ថកិច្ចព្រហ្មទណ្ឌស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ចុះទៅកាន់កន្លែងកើតហេតុ ក៏ប្រទះឃើញក្មេងទំនើងទាំងនោះ ដូចការរាយការណ៍មែន។ ប៉ុន្ដែពួកគេទាំងនោះ បានរត់គេចខ្លួនបាត់អស់ ហើយឃាត់ខ្លួនបានតែជនសង័្សយចំនួន៤នាក់។

 

លោកអធិការនគរបាល បានបន្ដ ថា ក្មេងស្ទាវដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ១-ឈ្មោះ ឌី ប៊ុនឆន ហៅ ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ មុខរបរលក់ដូរ (មានសារធាតុញៀនក្នុងខ្លួន, ២-ឈ្មោះ នឿន ប៊ុន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ, ៣-ឈ្មោះ ណាង លីដា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ២៤០៨ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មុខរបរជានិស្សិត នៃសាកលវិទ្យាល័យន័រតុន (NU) និង ៤-ឈ្មោះ វុទ្ធី ច័ន្ទកក្កដា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១០២ ផ្លូវបេតុង ភូមិ ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរនៅផ្ទះ។ ក្រៅពីការឃាត់ខ្លួនជនសង័្សយទាំងនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើន ដូចជា៖ ១- ដែករលាស់មួយដើម, ២-កាំបិតបុ័ងតោមួយ, ៣-ដាវចំនួន៤ដើម, ៤-ម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JF-7912 , ៥-ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ-1BQ7902 ។

 

បើតាមការសារភាពរបស់ជនសង្ស័យ បានឲ្យដឹង ថា ក្រុមនេះ ជាក្រុមក្មេងស្ទាវ មានរហស្សនាម RSK ហើយត្រូវបានក្រុមក្មេងទំនើងមួយក្រុមនៅពោធិ៍ចិនតុង ធ្លាប់រកកាប់ ទើបពួកគេនាំគ្នាមកចាំជាមុន ហើយត្រូវបានសមត្ថកិច្ចឃាត់តែម្តង។

 

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានឃុំខ្លួនជនសង័្សយ ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និង ស្រាវជ្រាវស្វែងរកបក្ខពួករបស់ពួកគេបន្តទៀត និង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធី ៕

ពត័មានពេញនិយម