ដំប៉ៅមិនឈឺយកឈើចាក់! ស្នងការខេត្តកំពត កោះហៅជនទំនើងឈរបង់សំទាញនោម មើលងាយរូបសំណាកសេះសមុទ្របាញ់ទឹក

25-មេសា-2024 - ម៉ោង 02:08:PM

ខេត្តកំពត៖ ក្រោយផ្ទុះការរិះគន់យ៉ាងខ្លាំង នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញសកម្មភាពរបស់បុរសទំនើងម្នាក់ ឈ្មោះ ខ្ញុំបាទ ស៊ុំ សារុន ហៅសាន់តា បានបង្ហោះនូវរូបថត នៅក្នុងសកម្មភាពមានន័យជាការប្រមាថមើលងាយដល់រូបសំណាកសេះសមុទ្របាញ់ទឹក នៅខេត្តកំពត រួចមក ឥឡូវលោកស្នងការនគរបាលខេត្តកំពត បានកោះហៅជននេះ ឲ្យចូលខ្លួនទៅជួបគាត់ នៅស្នងការដ្ឋាននគរបាលខេត្ត នាល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

 

 

ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរបង្ហោះសារ នៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា «មុខមាត់ស្អាតបាតដែរ តែគ្មានសីលធម៌ក្នុងខ្លួន លោកឯងគិត ថា ការថតបែបនេះ ជាការត្រឹមត្រូវដែរឬទេ? នេះជាទង្វើគ្មានសីលធម៌ នឹងជាគំរូដ៏អាក្រក់ ហើយក៏ជាការប្រមាថម៉ាក់ងាយ មកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ដរបស់ខ្ញុំ ផងដែរ។ សូមលោកលុបរូបនេះ ចេញជាបន្ទាន់។

 

ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរបន្ដ ថា ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអញ្ជើញលោក SantaKH ឈ្មោះប្រើប្រាស់ ក្នុង Facebook មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន។ ប៉ុន្ដែក្រោយការបង្ហោះបែបនេះ មិនដល់មួយម៉ោងផង ស្រាប់តែលោកស្នងការនគរបាលខេត្ត បានបង្ហោះ ថា លោក SantaKH នឹងឡើងមកជួបខ្ញុំ នៅល្ងាចនេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពត។ សូមអរគុណ ចំពោះការឆ្លើយតប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

 

 

ស្របពេលគ្នានេះដែរ ម្ចាស់គណនី SantaKH បានសរសេរសារបង្ហោះភ្លាមៗ នៅលើគណនីរបស់ខ្លួន ក្រោយពេលស្នងការដ្ឋាននគរបាលខេត្តកំពត បានកោះហៅឲ្យចូលខ្លួនទៅបំភ្លឺ ថា ជាដំបូង សូមគោរពដល់ថ្នាក់ដឹកនាំ និង សូមគោរពបងប្អូនខ្មែរយើង ទូទាំងប្រទេស។ ខ្ញុំបាទ ស៊ុំ សារុន ហៅ សាន់តា សូមចេញមុខ ដឹងនូវកំហុសឆ្គង ដែលបានថតរូបមិនគប្បី ជាមួយនឹងរូបសំណាកសេះសមុទ្រ ដោយអចេតនា ខ្ញុំពិតជាសុំទោសបងប្អូនជនរួមជាតិ សុំទោស ដែលខ្ញុំថតរូបខ្វះការគិត បង្ហាញកាយវិការមិនល្អ មកពីខ្ញុំ ពុំសូវមានចំណេះដឹង គិតមិនបានវែងឆ្ងាយ។

 

គណនីដដែលនោះ បានសរសេរបន្ដ ថា ទាក់ទងនឹងរូបភាពបែកធ្លាយ គឺជារូបភាព ខ្ញុំថតកម្សាន្ត Copy Style តាមបងប្អូន និង បានយកមកដាក់ Story លេង នៅវេលាម៉ោង១២យប់ តែ៣នាទីក្រោយមក ខ្ញុំក៏បានលុបចោលវិញភ្លាមៗ ព្រោះគិត ថា រូបមានសកម្មភាពមិនសមរម្យ។ សម្រាប់ការថតរូបនេះ គឺពិតជាគ្មានគោលបំណងមើលងាយរូបសំណាកសេះសមុទ្ររបស់ប្រទេសខ្ញុំឡើយ។ កំហុសមួយនេះ ខ្ញុំនឹងចងចាំអស់មួយជីវិត មិនឲ្យមានលើកក្រោយ និង សង្ឃឹម ថា បងប្អូនជនរួមជាតិរបស់ខ្ញុំ អត់ឱនឲ្យមនុស្សគ្មានការអប់រំ ដូចខ្ញុំបាទ។

 

ដោយឡែកអ្នកស្រី ស្រួង ភាវី ជាតារាកូនខ្មែរមួយរូបកំពុងតែរះ នៅលើទឹកដីរបស់កូរ៉េខាងត្បូង បានសរសេរបង្ហោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយពេលឈ្មោះ សាន់តាក់ សុំទោសជាសាធារណៈភ្លាមៗនោះ ថា «កម្ពុជា នឹងមិនសូវមានអ្នកប្រព្រឹត្តខុស ប្រសិនបើកែប្រែ ទម្លាប់សុំទោស ហើយរួចខ្លួន»។

 

 

រូបភាពដែលបុរសម្នាក់នេះបានថតយកទៅបង្ហោះនោះ បានបង្ហាញ អំពីសកម្មភាពប្រមាថមើល ហើយបានរងនូវការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ ជាពិសេស អ្នកនិយមលេងបណ្ដាញសង្គម។ អ្នកខ្លះ បានហួសចិត្តនឹងទង្វើដ៏លាមករបស់បុរសម្នាក់ ថា រឿងអាក្រក់ៗ ចេះរកនឹកឃើញធ្វើ ចុះទង្វើល្អៗ ម្ដេចក៏មិនខំប្រឹងធ្វើ ឬ សន្សំ។ ទន្ទឹមគ្នានេះ ក្រុមអ្នករិះគន់ បានទាមទារឲ្យសមត្ថកិច្ចចាត់វិធានការយ៉ាងធ្ងន់ធ្ងរ ដើម្បីទុកជាការព្រមានដល់អ្នកផ្សេងទៀត៕

ពត័មានពេញនិយម