ឈឿង ល្វៃ ប៉ះដៃគូសងសឹកជាមួយកីឡាករថៃ ធ្លាប់ធ្វើឲ្យកីឡាករ ធឿន ធារ៉ា ចូលដេកក្នុងមន្ទីរពេទ្យ

26-មេសា-2024 - ម៉ោង 11:33:AM

រាជធានីភ្នំពេញ៖ ប្រិយមិត្ត ជាអ្នកនិយមតាមដានប្រដាល់គុនខ្មែរ ច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងឈឿង ល្វៃ ជាកីឡាករដ៏ល្បីល្បាញមួយរូប នៅកម្ពុជា និង ក្រុង កងចក្រ ជាកីឡាករដ៏ល្បីរន្ទឺមួយរូប នៅប្រទេសថៃ ហើយពួកគេ ក៏ធ្លាប់ប្រកួតចាញ់ឈ្នះគ្នាម្ដងរួចមកហើយ កាលពីពេលកន្លងមក ប៉ុន្ដែពួកគេនៅតែមិនអស់ចិត្ត នឹងប្រកាសសង្គ្រាមស៊ីសាច់ហុតឈាមគ្នាយ៉ាងខ្លាំង នៅលើសង្វៀនប្រដាល់ នាថ្ងៃអាទិត្យខាងមុខនេះ។

បច្ចុប្បន្ន ក្រុង កងចក្រ កំពុងតែក្លាយជាកីឡាករមួយរូប លេចឈ្មោះបោះសំឡេងយ៉ាងល្បីរន្ទឺ នៅក្នុងប្រទេសថៃ ហើយគេមានក្បាច់គុន និង កម្លាំងដ៏ខ្លាំងក្លាផងដែរ។ កីឡាករថៃ ក្រុង កងចក្រ ក៏ធ្លាប់ធ្វើឲ្យកីឡាករល្បីៗមួយចំនួនរបស់កម្ពុជាយើង ចាញ់ក្រោមកណ្ដាប់ដៃរបស់គេ រួចមកហើយដែរ។

បើទោះជាយ៉ាងណាក៏ដោយ អ្នកលេងក្បាច់គុនខ្មែររបស់កម្ពុជាយើង មិនខ្លាចរអា ជាមួយនឹងកីឡាករថៃ រូបនេះឡើយ។ កីឡាករកម្ពុជា នឹងធ្វើឲ្យកក្រើកសង្វៀនប្រដាល់ នៅក្នុងពេលខាងមុខនេះ ព្រោះអ្នកលេងគុនខ្មែរ ក៏សុទ្ធតែខ្លាំងៗផងដែរ ហើយការចាញ់ឈ្នះ អាចគ្រាន់តែជាការភ្លាត់ស្នៀតមួយក្បាច់ណាមួយតែប៉ុណ្ណោះ ទើបធ្វើឲ្យគេអាចវាយសង្គ្រប់បាន និង យកជ័យជម្នះ។

អ្នកលេងគុនខ្មែរ ឈឿន ល្វៃ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ នៅក្នុងបទសម្ភាសមួយ ថា គាត់មិនដែលខ្លាចរអា នៅក្នុងការប្រកួតសងសឹកជាមួយនឹងកីឡាករថៃម្នាក់នេះឡើយ។ គាត់នឹងវាយសងសឹកវិញ ប្រសិនបើមានកម្មវិធីណាមួយ រៀបចំប្រកួតឲ្យគាត់ប៉ះគ្នាជាមួយនឹងកីឡាករថៃម្នាក់នេះ ម្ដងទៀត។

កីឡាករ ឈឿង ល្វៃ បានសង្កត់ធ្ងន់ ថា គាត់មិនត្រឹមតែប្រកួតសងសឹក សម្រាប់យកជ័យជម្នះ លើការចាញ់របស់ខ្លួន កាលពីពេលកន្លងមកនោះឡើយ។ ប៉ុន្ដែគាត់ថែមទាំងយកឈ្នះ ដើម្បីសងសឹក ជំនួសឲ្យកីឡាករ ធឿន ធារ៉ា ដែលជាសិស្សច្បងរបស់ខ្លួនថែមទៀតផង។

សូមរម្លឹកឡើងវិញ ថា ការប្រកួត រវាងកីឡាករកម្ពុជា ឈឿង ល្វៃ និង កីឡាករ ក្រុង កងចក្រ មកពីប្រទេសថៃ ដោយកីឡាករកម្ពុជា គ្រាន់តែជាកីឡាករជំនួសឲ្យកីឡាករ ឡៅ ចិទ្រា តែប៉ុណ្ណោះ។ ការប្រកួតនេះ នឹងធ្វើឲ្យកក្រើកដល់សង្វៀនប្រដាល់ជាថ្មី ជាក់ជាមិនខាន សូមបងប្អូន ជាអ្នកនិយមគាំទ្រកីឡាប្រដាល់គុនខ្មែរ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខ។ រីឯការប្រកួតនេះ ក៏នឹងមានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ PNN ផងដែរ។

ការប្រកួតសងសឹកលើកនេះ បងប្អូនគិត ថា តើកីឡាករកម្ពុជា នឹងអាចផ្ដួលគូប្រកួតរបស់ខ្លួន ដូចកីឡាករមុនៗដែរឬទេ? ប្រសិនបើកីឡាករ មកពីប្រទេសថៃ រូបនេះ អាចផ្ដួលកីឡាករ ធឿន ធារ៉ា បានហើយនោះ តើមហាជន ជាអ្នកគាំទ្រប្រដាល់គុនខ្មែរ សង្ឃឹមប៉ុន្មានភាគរយ ទៅលើអ្នកលេងគុនខ្មែរ ឈឿង ល្វៃ យកឈ្នះលើកីឡាករថៃ នៅក្នុងការប្រកួតសងសឹកនេះ?
ដោយកញ្ញា លីលី

ពត័មានពេញនិយម