រាជធានីភ្នំពេញ៖ នារីម្នាក់បានបើករថយន្ដស៊េរីទំនើប បោះពួយយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកគូទរថយន្ដមួយគ្រឿងទៀត ដែលកំពុងតែឈប់រង់ចាំភ្លើងស្ដុប បណ្ដាលឲ្យរថយន្ដទាំង២គ្រឿង ខូចខាតយ៉ាងដំណំ និង មានមនុស្សចំនួន៣បានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១០ និង ៤៥នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្លើងស្ដុបនាងមច្ឆា កែងគ្នារវាងផ្លូវជាតិលេខ៦អា និង ផ្លូវអូស៊ីអាយស៊ី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍នោះ មានស្រ្ដីវ័យក្មេងម្នាក់ បានបើករថយន្ដ ម៉ាក FORTHING ពណ៌លឿន ពាក់ស្លាកលេខ កម្ពុជា PHA-2023 បោះពួយយ៉ាងលឿន ស្របទិសគ្នាជាមួយនឹងរថយន្ដមួយគ្រឿងផ្សេងទៀត ម៉ាកហាឡែនដឺរ ពាក់ស្លាកលេខ ភ្នំពេញ 2W-6249 ។ លុះពេលរថយន្ដ FORTHING បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគូទរថយន្ដហាយឡែនដឺរ ដែលកំពុងតែឈប់រង់ចាំភ្លើងស្ដុប យ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទេចមុខខ្លួនឯង និង រថយន្ដរងគ្រោះ បានខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ខណៈមានមនុស្ស ចំនួន៣នាក់ បានរងរបួសធ្ងន់ស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង ហើយចាត់ការតាមនីតិវិធី។ ដោយឡែក អ្នករងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ៕