រាជធានីភ្នំពេញ៖ បុរស២នាក់ បានរៀបចំខ្លួនបែបជាអ្នកឡូយឆាយ ចូលផឹកស៊ី តាំងពីព្រឹកព្រលឹម រហូតដល់រសៀល លុះពេលគិតលុយបែរជាគ្មានលុយឲ្យម្ចាស់ហាង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅជិតវត្ដជន្លង់ម្លូ ស្ថិតក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ សង្កាត់កំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីព្រឹក ថ្ងៃកើតហេតុ មានបុរស២នាក់ បានធ្វើឫកពារជាអ្នកហ៊ឺហា ចូលមកក្នុងហាងមួយកន្លែង ហើយពួកគេបានកុម្ម៉ង់ម្ហូបសុទ្ធតែថ្លៃៗ និង ស្រាបៀរ ABC ។ លុះដល់ពេលគិតលុយ ម្ចាស់ហាង មកយកវិក្កយបត្រមកឲ្យអស់ជាង១០ម៉ឺនរៀល បែរជាធ្វើឆ្លេឆ្លា ភ្នែកឡើងសព្រាតដាក់គ្នា ហើយឆ្លើយ ថា អត់មានលុយ ក៏ត្រូវបានគេស្ដីឲ្យ និង ហៅសមត្ថកិច្ចឲ្យមកជួយអន្ដរាគមន៍។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនបុរសទាំង២នាក់នោះ ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ ដើម្បីសាកសួរ និង ដោះស្រាយតាមនីតិវិធី៕