ក្មេងសិស្សសាលាជាច្រើននាក់ គេចវេះម៉ោងរៀនសូត្រ នាំគ្នាពពាក់ពពូននៅតាមម៉ាត

19-កក្តដា-2024 - ម៉ោង 12:59:PM

រាជធានីភ្នំពេញ៖ កុមារ-កុមារីជាង១០នាក់ ទើបនឹងមានអាយុប្រហាក់ប្រហែល ក្រោម១៥ឆ្នាំ បានកុហកឪពុកម្ដាយ និង អាណាព្យាបាល ថា ខ្លួនទៅរៀន តែតាមការពិត ពួកគេបានគេចវេះសាលារៀន ហើយបាននាំគ្នាទៅពពាក់ពពូន នៅតាមម៉ាត ភ្លេចអស់ការសិក្សា ទើបសមត្ថកិច្ចបានចុះទៅនាំពួកគេ យកមកអប់រំ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរសារ បង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថាមានប្រជាពលរដ្ឋ បានផ្ញើសារចូលមកក្នុងផេកហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ថា មានកូនសិស្សសាលា បានគេចវេះម៉ោងរៀនសូត្រ ហើយបាននាំគ្នាទៅអង្គុយពពាក់ពពូន នៅក្នុងហាងម៉ាតមួយកន្លែងយីហោ Cicle Mart ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ក្រោយពេលទទួលបានព័ត៌មានបែបនេះ ទើបនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់ទីតាំងនោះ ដើម្បីត្រួតពិនិត្យមើល ក៏ឃើញមានក្មេងគេចវេះម៉ោងរៀនសូត្រ ចំនួន១២នាក់ ដូចការរាយការណ៍របស់ប្រជាពលរដ្ឋប្រាកដមែន ហើយក្នុងចំណោមពួកគេទាំងនោះ មានកុមារីចំនួន៧នាក់។

ក្រោយពេលឃើញក្មេងតូចៗទាំងនោះ កំពុងតែគេចវេះម៉ោងសិក្សាបែបនេះ សមត្ថកិច្ចបាននាំពួកគេទាំង១២នាក់ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ដើម្បីសាកសួរ និង អប់រំ។ បន្ទាប់មក សមត្ថកិច្ចបានទាក់ទងទៅអាណាព្យាបាល ឲ្យមកទទួលយកសិស្សកំហូចគេចវេះសាលាទាំងនោះ នាំទៅអប់រំបន្ដ នៅតាមផ្ទះរបស់ពួកគេ៕ ដោយកញ្ញា លីលី

ពត័មានពេញនិយម