ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ឈ្មោះ «មហាវិថី ស៊ី ជីនពីង» ជាផ្លូវការនៅថ្ងៃនេះ

19-កក្តដា-2024 - ម៉ោង 12:11:PM

May be an image of 10 peopleឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង» នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

May be an image of 9 people, dais and text

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

May be an image of 6 people and text

បេីតាមការបញ្ជាក់ពី ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងថា ការប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង គឺជាសក្ខីភាពថ្មីមួយបន្ថែមទៀតរវាងកម្ពុជានិងចិន ដែលបានបង្កប់នូវអត្ថន័យនៃទំនាក់ទំនងទ្វេភាគីជាប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន ព្រមទាំងបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌ដឹងគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចារិកទុកជាអនុស្សាវរីយ៍ ជាប្រវត្តិសាស្ត្រ និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តមនូវកត្តិនាមនិងកិត្តិស័ព្ទរបស់ប្រធានាធិបតី ស៊ី ជីនពីង រួមទាំងរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែបានគាំទ្រយ៉ាងសកម្មដល់បុព្វហេតុនៃសុខសន្តិភាព ស្ថិរភាព និង ការជំរុញកំណើនសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។

May be an image of 14 people

ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ទៀតថា មហាវិថី ស៊ី ជីនពីង មានប្រវែង ៤៧,១០គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវមេ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ ទៅដល់គីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

May be an image of 8 people

មហាវិថីនេះមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវខេត្ត និងផ្លូវជាតិសំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល និងតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េយលេខ១ (AH-1), ផ្លូវអាស៊ានហាយវ៉េយ លេខ១១ (AH-11), ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទីមួយ និងតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកំពុងដំណើរការសាងសង់ និងគ្រោងបញ្ចប់នាពេលខាងមុខ។

May be an image of 14 people

ឯកឧត្តម ប៉េង ពោធិ៍នា បានបន្ថែមថា ក្រោយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការជិត ១ឆ្នាំកន្លងមកនេះ មហាវិថី ស៊ី ជីនពីង បានជំរុញសក្តានុពលកំណើននៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលា។

May be an image of 6 people, dais and text

បន្ថែមលើនេះមហាវិថីនេះបាននិងកំពុងប្រែក្លាយតំបន់ដែលនៅអមសងខាងខ្សែផ្លូវឱ្យទៅជាតំបន់អភិវឌ្ឍន៍ភស្តុភារកម្ម តំបន់ឧស្សាហកម្ម តំបន់រោងចក្រ ឃ្លាំងស្តុកទំនិញ និងការអភិវឌ្ឍបុរី និងលំនៅឋានដែលបច្ចុប្បន្ន មានប្រជាពលរដ្ឋមករស់នៅកាន់តែកុះករ និងប្រកបរបរជំនួញកាន់តែច្រើនឡើង ហើយនាពេលអនាគតក៏នឹងបន្តប្រែក្លាយតំបន់ជាយក្រុងឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត៕

ពត័មានពេញនិយម