ខ្លោចចិត្តខ្លាំងណាស់! ក្មេងស្រីម្នាក់ជិះម៉ូតូទៅរៀន បុកគ្នាជាមួយរថយន្ដឡង់គ្រីស័រ ខ្ទាតចូលក្រោមរថយន្ដហ៊្វដ

19-កក្តដា-2024 - ម៉ោង 12:06:PM

ខេត្តសៀមរាប៖ ក្មេងស្រីម្នាក់ បានជិះម៉ូតូចេញពីផ្ទះ នៅក្នុងគោលបំណងទៅរៀន ស្រាប់តែមកជួបនឹងគ្រោះអកុសលនឹងស្មានមិនដល់ បុកគ្នាជាមួយនឹងរថយន្ដឡង់គ្រីស័រ ហើយបានខ្ទាតទៅចូលក្រោមរថយន្ដហ៊្វដ ដែលកំពុងតែឈប់បូមកង់រថយន្ដ បណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័មមួយរំពេច ហើយធ្វើឲ្យអ្នកឃើញហេតុការណ៍ មានការរន្ធត់ចិត្តយ៉ាងខ្លាំង កាលពីវេលាម៉ោង១ និង ២៧នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខសាលាបឋមសិក្សាភូមិថ្នល់ តាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិថ្នល់ សង្កាត់ស្រងែ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពព័ត៌មានបឋម ពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ មានក្មេងស្រីម្នាក់ បានជិះម៉ូត ម៉ាក Honda Click ពណ៌ស ស្លាកលេខ សៀមរាប 1L-5008 តាមបណ្ដោយផ្លូវជាតិលេខ៦យ៉ាងលឿន។ លុះពេលក្មេងស្រីរងគ្រោះ បានធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បុកគ្នាជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក Toyota Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-7289 BK-7289 យ៉ាងពេញទំហឹង ហើយបានខ្ទាតទាំងម៉ូតូ និង មនុស្ស ទៅបុករថយន្តមួយគ្រឿងផ្សេងទៀត ម៉ាក Ford Ranger Wildtrak ពណ៌ស ពាក់ស្លាកលេខ កម្ពុជា Y.0017.Y ដែលកំពុងតែឈប់បូមកង់ នៅលើផ្លូវជាតិលេខ៦ បណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័មមួយរំពេច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានបន្ដចាត់ការតាមនីតិវិធី។ បន្ទាប់មក សមត្ថកិច្ចបានទាក់ទងស្វែងរក និង ធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ក្មេងស្រីរងគ្រោះ ជូនទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី ក្រោមការយំសោយសោក ពីឪពុកម្ដាយ និង សាច់ញាតិ៕

ពត័មានពេញនិយម