រដ្ឋធានីមូស្គូ៖ ការគំរាមកំហែង អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក ពីក្រុមមន្រ្ដី និង មនុស្សល្បីល្បាញ នៅក្នុងប្រទេសរុស្ស៊ី មិនត្រឹមតែលើកទី១ប៉ុណ្ណោះតែ ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាកងទ័ពរបស់គាត់ឲ្យបើកទ្វារព្រំដែន ចូលលុកលុយទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ហើយឥឡូវ មានពិធីករដ៏ល្បីល្បាញម្នាក់របស់បណ្ដាញទូរទស្សន៍របស់រដ្ឋរុស្ស៊ី កំពុងតែអួតអាងបន្ដ ថា បើរុស្ស៊ី ចំណាយមីស៊ីលត្រឹមតែ៣គ្រាប់ នឹងអាចបញ្ចប់ជោគវាសនារបស់លោកខាងលិចបាន ប៉ុន្ដែបណ្ដាប្រទេសមហាអំណាចបស្ចិមលោក ក៏មិនបានខ្លាចរអានឹងសង្គ្រាមវោហារសាស្រ្ដនេះឡើយ។
សារព័ត៌មានរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ថា លោក អេវជេនី ផូផូវ (Evgeny Popov) ពិធីករដ៏ល្បីល្បាយមួយរូប ប្រចាំកម្មវិធី៦០នាទីរបស់ទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋរុស្ស៊ី TV Russia-1 បានស្នើឲ្យមានការវាយប្រហារ ទៅលើបណ្ដាប្រទេសនានា ជាសមាជិករបស់អង្គការណាតូ ដោយរាប់បញ្ចូលទាំង សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, បារាំង, អាល្លឺម៉ង់, ប៉ូឡូញ, ឆែក, រ៉ូម៉ានី, ឡាតវី (Latvia) និង អេស្ដូនី (Estonia) ផងដែរ។
រហូតមកដល់ពេលនេះ ចំណងទំនាក់ទំនង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងមូស្គូ បានធ្លាក់ចុះយ៉ាងខ្លាំង និង កាន់តែតានតឹងឡើងបំផុត ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងការលុកលុយទ្រង់ទ្រាយធំ ទៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ ស្របគ្នានេះ ក្រុមមន្ត្រីរុស្ស៊ី និង ពិធីករដ៏ល្បីល្បាញរបស់ទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋ រុស្ស៊ី បានអំពាវនាវជាប្រចាំ ជំរុញឱ្យមានការធ្វើវាយប្រហារទៅលើទឹកដីរបស់សហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងការផ្ដល់ជំនួយ និង គ្រឿងសព្វាវុធ ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ជួយដល់ក្រុងកៀវ។
ការលើកឡើងរបស់ពិធីករ ដែលជាអ្នកឃោសនាឲ្យវិមានក្រឹមឡាំងរូបនេះ បានកើតឡើង ក្រោយពេលសហរដ្ឋអាមេរិក និង អាល្លឺម៉ង់ បានថ្លែង នៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ពន្ធមិត្តអង្គការណាតូ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន ថា សហរដ្ឋអាមេរិក នឹងដាក់ពង្រាយមីស៊ីលបាញ់ចម្ងាយឆ្ងាយ ជាបណ្ដោះអាសន្ន នៅលើទឹកដីរបស់អាល្លឺម៉ង់ នៅក្នុងឆ្នាំ២០២៦។ សកម្មភាពបែបនេះ បាននាំឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោយចាត់ទុកនូវការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ជាការវិលទៅរកសង្គ្រាមត្រជាក់ជាថ្មី។
វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានព្រមាន ថា រុស្ស៊ីបានប្រឆាំងចំពោះការដាក់ពង្រាយមីស៊ីលបាញ់ចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់អាល្លឺម៉ង់។ រុស្ស៊ី មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការចាប់ស្ទាក់មីស៊ីលទាំងនោះ ប៉ុន្ដែអ្នករងគ្រោះខ្លាំងក្លាបំផុត គឺរដ្ឋធានីនានារបស់ប្រទេសនៅតំបន់អឺរ៉ុបទៅវិញទេ៕