ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសផ្តល់ថវិកាមួយចំនួនដល់ក្មេងស្រី ដែលបានច្រៀងបទ ចម្រៀង ស្ពានសាងស្នេហ៍ នៅក្នុងសាលារៀនមួយកន្លែងកាលពីកន្លងទៅថ្មីៗនេះ ហើយជាមួយគ្នានេះសម្តេចក៏បានបញ្ជូនសំណើររបស់ក្មេងស្រីមួយនេះទៅកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រោយនាងស្នើសុំឲ្យសម្តេចសាងសង់នូវអគារសាលា១ខ្នង៣ជាន់៣០បន្ទប់ផងដែរ។
តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«កាលពីម្សឹលមិញខ្ញុំបានបង្ហោះពីចៅស្រីសាយ ស៊ីណាដែលពេលនោះមិនទាន់ស្គាល់ឈ្មោះនិងទីកន្លែងរស់នៅ។ខ្ញុំព្យាយាមជួបចៅស្រីតាមtelegram ដើម្បីសួរនាំពីការរៀនសូត្រនិងជីវភាពគ្រួសារព្រមទាំងបានជួយថវិកាខ្លះសម្រាប់ចៅស្រីនិងឪពុកម្តាយ»។
សម្តេចបានបន្ថែមទៀតថា« ថ្ងៃនេះលោកអ៊ួន សារ៉ាត់បានទៅដល់ផ្ទះដើម្បីសួរនាំឪពុកម្តាយនិងចៅស្រីព្រមទាំងឲ្យចៅស្រីច្រៀងចម្រៀង២បទដោយគ្មានភ្លេង(ច្រៀងគោក)ដែលបទទីមួយ(ស្ពានសាងស្នេហ៍)ឯបទទីពីរ(វណ្ណះសង្គម)ទោះអត់ភ្លេងក៍ចៅនៅតែច្រៀងបានពិរោះ។តាសូមសរសើរចៅដែលចៅបានផ្ញើសារមកតាសូមស្នើឲ្យតាជួយកសាងអាគារសិក្សា១ខ្នង៣ជាន់៣០បន្ទប់ដើម្បីជាប្រយោជន៍រួមរបស់សិស្ស។តាបានបញ្ជូនសំណើរចៅទៅនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតរួចហើយ។ ចុងក្រោយខ្ញុំថ្លែងអំណរគុណចំពោះបងប្អូនកូនក្មួយដែលមកLike ជិតកន្លះលាននាក់ និងចូលមកcomments ជាង២ម៉ឺននាក់ក្រោយខ្ញុំបង្ហោះបាន១៨ម៉ោង»៕