លោកចៅសង្កាត់ចោមចៅទី២ ដោះស្រាយបញ្ចប់រឿងខឹងចៅប្រុសរបស់ខ្លួន ទះកំផ្លៀងចៅប្រុសរបស់អនុប្រធានភូមិកប់គងសន្លប់

16-កក្តដា-2024 - ម៉ោង 02:41:PM

រាជធានីភ្នំពេញ៖ ក្រោយការផ្ទុះអំពើហិង្សា បង្កឡើងដោយលោកចៅសង្កាត់ចោមចៅទី២ បានវាយទៅលើក្មេងប្រុសម្នាក់ មានអាយុ១៥ឆ្នាំ ដែលជាមិត្តភក្ដិរបស់ចៅប្រុសគាត់នោះ បានសម្របសម្រួល បញ្ចប់រឿងនោះហើយ ដោយចាត់ទុក ថា បញ្ហានេះ គ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះ។

លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានអះអាង កាលពីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថា ពាក់ព័ន្ធករណីដែលគាត់បានប្រដៃទះកំផ្លៀងក្មេងប្រុសម្នាក់ ដែលត្រូវជាចៅប្រុសរបស់លោកអនុភូមិកប់គង នោះ ឥឡូវភាគីទាំង២ បានដោះស្រាយគ្នាបញ្ចប់រឿងហើយ ដោយសារតែបញ្ហានេះ មានការយល់ច្រឡំតែប៉ុណ្ណោះ។ រីឯភាគីឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ ក៏ព្រមទទួល មិនបានដាក់ពាក្យបណ្តឹងនោះដែរ។

សូមជម្រាប ថា កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីហិង្សាមួយ បានបង្កឡើងដោយលោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានទះកំផ្លៀង ទៅលើក្មេងប្រុសម្នាក់ មានអាយុ១៥ឆ្នាំ ត្រូវជាចៅរបស់អនុប្រធានភូមិកប់គង បណ្តាលឲ្យរងរបួស រហូតសន្លប់បាត់បង់ស្មារតី។

បើតាមសាច់ញាត់របស់ក្មេងប្រុសរងគ្រោះ ឈ្មោះ ស៊ឿង ណារ៉ូត អាយុ១៥ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឲ្យដឹង ថា នៅមុនពេលកើតហេតុ ចៅប្រុសរបស់លោកចៅសង្កាត់ និង ចៅប្រុសរបស់លោកអនុភូមិកប់គង បាននាំគ្នាទៅលេងបាល់ នៅម្តុំបុរី ធូឡែនដ៍ស៊ីធីជាមួយគ្នា។ បន្ទាប់ពីលេងអស់ចិត្តហើយ ពួកគេក៏បានជិះម៉ូតូឌុបគ្នា វិលត្រឡប់មកផ្ទះវិញ។ ប៉ុន្ដែនៅពេលពួកគេ បានធ្វើដំណើរមកមុខសាលាសង្កាត់ ស្រាប់តែលោកចៅសង្កាត់ បានចោទប្រកាន់ទៅលើក្មេងប្រុសឈ្មោះ ស៊ឿង ណារ៉ូត ថា ជាអ្នកនាំចៅរបស់គាត់ឲ្យខូច និង បានស្ដីបន្ទោស រួចឈានទៅដល់ការប្រើប្រាស់អំពើហិង្សា ទៅលើក្មេងប្រុស ស៊ឿង ណារ៉ូត បណ្ដាលឲ្យរងរបួសសន្លប់បាត់បង់ស្មារតី។

បើតាមលោក វ៉ា សារ៉ង ចៅសង្កាត់ និង លោកនាយប៉ុស្តិ៍នគរបាលចោមចៅទី២ បានអះអាងដូចគ្នា ថា ក្មេងប្រុសទាំង២នាក់នេះ តែងតែបបួលគ្នាដើរលេង មិនចូលរៀន ហើយមានជក់បារីធម្មតា និង បារីអេឡិចត្រូនិច និង ដើរបាត់ៗពីផ្ទះ។ លុះមកដល់យប់កើតហេតុ នាវេលាម៉ោងប្រមាណជាង៨យប់ លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅទី២ បានឃើញក្មេងប្រុសទាំង២ នៅក្នុងបន្ទប់ផ្ទះរបស់គាត់ ក៏បានប្រដៅណែនាំ នៅក្នុងនាមគាត់ជាជីតា។ មុនដំបូង គាត់បានប្រដៅចៅៗ ហើយក៏ឈានដល់ប្រើដៃជើង ទះ២ទៅ៣កំភ្លៀង ទាំងចៅគាត់ និង ក្មេងប្រុសឈ្មោះ ស៊ឿង ណារ៉ូត ហើយគាត់នឹងទទួលខុសត្រូវរាល់រឿង ដែលបានកើតឡើង ព្រោះគាត់ជាអាជ្ញាធរ នៅក្នុងមូលដ្ឋានរបស់គាត់ ដោយមិនបានគេចវេះទៅណានោះឡើយ៕

ពត័មានពេញនិយម