រាជធានីភ្នំពេញ៖ រថយន្ដកុងតឺន័រមួយគ្រឿង បានបើកបរយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកគ្នាជាមួយនឹងរថយន្ដដឹកថ្មធុនធំមួយគ្រឿងផ្សេងទៀត ហើយបន្ដទៅបុកផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឲ្យមនុស្សម្នា ភ័យព្រលឹងចុងសក់ កាលពីវេលាម៉ោង៩ និង ៤០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិតលេខមួយ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានបើករថយន្តកុងតឺន័រ មានក្បាលពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-7593 តាមបណ្ដោយផ្លូវជាតិលេខ១ នៅក្នុងល្បឿនលឿន។ លុះពេលរថយន្ដនេះ បានបើកមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយនឹងរថយន្ដដឹកថ្មមួយគ្រឿង ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-1953 លាន់ឮដូចរន្ទះ ធ្វើឲ្យរថយន្ដកុងតឺន័រ រេចង្កូតទៅបុកផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត ទាំងផ្ទះ និង រថយន្ដ។ ប៉ុន្ដែនៅក្នុងហេតុការណ៍នេះ ចាត់ទុក ថា សំណាងល្អហើយ ព្រោះមិនបានបង្កឲ្យមានមនុស្សបាត់បង់ជីវិត។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកវាស់វែង រួចហើយបានធ្វើកំណត់ហេតុ ដកហូតយករថយន្តទាំង២គ្រឿង ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ តាមច្បាប់៕