រាជធានីភ្នំពេញ៖ ក្រោយការបាញ់សម្លាប់លោក លឹម គឹមយ៉ា ជនជាតិខ្មែរ សញ្ជាតិបារាំង និង ជាអតីតសមាជិកសភា នៃអតីតគណបក្សសង្គ្រោះជាតិ រួចមក ឃាតករជាអតីតនាវិកយោធា ជនជាតិថៃ បានរត់គេចខ្លួន ចូលមកលើទឹកដីរបស់កម្ពុជា ហើយត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន នៅក្នុងភូមិសាស្រ្ដស្រុកមោងឫស្ស៊ី ខេត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន កាលពីថ្ងៃទី៨ ខែមករា ថា អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្ដិយស សូមជម្រាបជូនសាធារណជនជាតិ និង អន្ដរជាតិ ជ្រាបអំពីព័ត៌មានពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ជនរងគ្រោះ ឈ្មោះ លឹម គឹមយ៉ាន ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្ដសញ្ញាណមួយរូប កាលពីវេលាម៉ោង៥ និង ៤៥នាទីល្ងាច ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ១៣ហាង សង្កាត់ប៊ូរ៉ន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។
បន្ទាប់ពីហេតុការណ៍កើតឡើង សមត្ថកិច្ចថៃ បានស្រាវជ្រាវ និង កំណត់អត្ដសញ្ញាណជនសង័្សយ ឈ្មោះ Ekkalak Peanoi (អេកកាឡាក់ ភាណយ) ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅផ្ទះលេខ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើសកម្មភាព ជនសង័្សយបានរត់គេចខ្លួន ពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនកម្ពុជា។
ផ្អែកលើសំណូមពរសំណើសុំកិច្ចសហការ និង ព័ត៌មានដែលបានផ្ដល់ ដោយនគរបាលភូមិន្ទថៃ នគរបាលកម្ពុជា បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង១ និង ៥០នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និង ឃាត់ខ្លួនជនសង័្សយខាងលើ នៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្ន ជនសង័្សយរូបនេះ ត្រូវបានសមត្ថកិច្ច បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្ដនីតិវិធី។
ជនសង័្សយរូបនេះ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសថៃ វិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃ ស្របតាមច្បាប់ បន្ទាប់ពីនគរបាលកម្ពុជា បញ្ចប់នីតិវិធី…៕