រាជធានីភ្នំពេញ៖ គ្រោះអគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យអ្នកភូមិភ័យស្លន់ស្លោ នាំគ្នាទៅជួយពន្លត់ និង សុំអន្ដរាគមន៍ពីសមត្ថកិច្ច កាលពីវេលាម៉ោង ១០ និង៣៥នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបឋម បានឲ្យដឹង ថា នៅមុនពេលកើតគ្រោះអគ្គិភ័យនេះ អ្នកភូមិបានឃើញផ្សែងហុយចេញពីផ្ទះកើតហេតុ។ លុះបន្ដិចក្រោយមក ពួកគាត់បានឃើញអណ្ដាតភ្លើងឆាបឆេះឡើង បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកភូមិ និង បានរាយការណ៍ទៅសុំអន្ដរាគមន៍ពីសមត្ថកិច្ច។ ភ្លាមៗនោះ សមត្ថកិច្ចបានបើករថយន្ដពន្លត់អគ្គិភ័យ ចេញមកជួយបាញ់ទឹកពន្លត់ ទប់ស្កាត់មិនឲ្យភ្លើងឆេះរាលដាលទៅដល់ផ្ទះរបស់អ្នកផ្សេងៗទៀត។
បើទោះជាយ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ អំពីទំហំខូចខាត និង មូលហេតុបង្កឲ្យកើតគ្រោះអគ្គិភ័យនេះឡើយ៕