ស្ពានអាកាស «មរតកតេជោ» ដែលជាចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេ នៅប្រទេសកម្ពុជា គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
ការដាក់សម្ពោធឲ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» មុនចូលឆ្នាំខ្មែរ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំខ្មែរផង និងដោះស្រាយការកកស្ទះចរាចរនៅទីតាំងនេះផងដែរ។
ស្ពានអាកាស «មរតកតេជោ» នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលា ក្នុងការធ្វេីដំណេីរ, សន្សំសំចៃសម្រួលលំហូរចរាចរណ៍ ធ្វើឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរទៅមក ជាពិសេសពេលរដូវបុណ្យជាតិធំៗ បុណ្យទានផ្សេងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរជាដើម។
សូមជម្រាបថា ស្ពានអាកាស «មរតកតេជោ» ក្នុងជំហានទី២ បានធ្វើពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាសថ្មីនេះ ត្រូវបបានឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ជា សុីណា ឃួងស្រេង អញ្ជើញជាអធិបតីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបញ្ចុះបឋមសិលា កាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។
ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់៣៦ខែ។