ខេត្តក្រចេះ៖ កុមារម្នាក់ មានអាយុ៣ឆ្នាំ៦ខែ រស់នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានស្លាប់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៥ ក្រោយឆ្លងជំងឺផ្ដាសាយបក្សី បើទោះជាក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យ បានខិតខំប្រឹងប្រែងជួយសង្គ្រោះ អស់ពីសមត្ថភាពយ៉ាងណាក៏ដោយ។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ថា ក្រសួងសុខាភិបាល មានការសោកស្ដាយ និង សូមចូលរួមមរណទុក្ខ ជាមួយមាតាបិតា និង ក្រុមគ្រួសារ ចំពោះការសម្លាប់របស់កុមារាម្នាក់ អាយុ៣ឆ្នាំ ៦ខែ ដែលមានទីលំនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយសារតែជំងឺផ្ដាសាយបក្សី ទោះជាក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យ បានខិតខំប្រឹងប្រែងជួយសង្គ្រោះ អស់ពីសមត្ថភាពយ៉ាងណាក៏ដោយ។
សេចក្ដីប្រកាសព័ត៌មាននេះ បានបន្ដ ថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងតែសហការជាមួយក្រុមការងារ នៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើការអង្កេត តាមដាន ស្រាវជ្រាវយ៉ាងសកម្ម នៅកន្លែងកើតហេតុ ដោយយកសំណាកលើប្រជាជន ដែលប៉ះពាល់ជាមួយអ្នកជំងឺ និង បន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងបានព្យាបាល បង្ការបន្ទាន់ ដោយឱសថតាមីហ្គូ (Tamilu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ ដើម្បីបង្ការការឆ្លងជំងឺផ្តាសាយបក្សី…៕