រាជធានីភ្នំពេញ៖ យុវជន២នាក់ បានជិះម៉ូតូឆក់ទូរស័ព្ទ ពីជនបរទេសមួយក្រុម ទើបពួកគាត់បាននាំគ្នាដេញចាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចម្ដុំមាត់ទន្លេ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានជនបរទេសមួយក្រុម កំពុងតែដើរនៅតាមមាត់ទន្លេ។ លុះពេលជនបរទេសទាំងនោះ បានធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង័្សយ២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ពួកគាត់ ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន ទើបបរទេសទាំងនោះ បានបើកម៉ូតូដេញតាម។
បើតាមជនរងគ្រោះ បានឲ្យដឹង ថា បន្ទាប់ពីចោរបានឆក់ទូរស័ពរបស់គាត់ភ្លាម ពួកគាត់បាននាំគ្នាបើកម៉ូតូដេញតាម ដោយមើល Maps តាមនាឡិកាដៃ ជាមួយ GPS របស់ទូរស័ព្ទ ដែលជនសង័្សយឆក់យកទៅនោះ។ លុះពេលពួកគាត់បានដេញតាម រហូតដល់ចំណុចផ្លូវលេខ១៥៤ កែងផ្លូវលេខ១៩ ស្ថិតក្នុងភូមិសាស្រ្ដសង្កាត់ផ្សារកណ្ដាលទី ២ ទើបដេញទាន់ ហើយបានធាក់ម៉ូតូរបស់ជនសង័្សយដួល និង ឃាត់ខ្លួនបានម្នាក់ ខណៈបក្ខពួករបស់គេម្នាក់ទៀត បានលើកម៉ូតូ បើកគេចខ្លួនបាត់។
ដោយឡែក ជនសង័្សយ បានអះអាង ថា ពួកគេមិនបានឆក់ទូរស័ព្ទនោះទេ តែបរទេសមួយក្រុមនេះ បានចោទប្រកាន់មកលើខ្លួន ថា បានឆក់របស់របស់ពួកគាត់។
ក្រោយពេលឃាត់ខ្លួនបាន សមត្ថកិច្ច បានចុះទៅនាំខ្លួនជនសង័្សយ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលផ្សារកណ្ដាលទី២ ដើម្បីសាកសួរបឋម។ បន្ទាប់ពីដឹងពីកន្លែងកើតហេតុហើយ ទើបសមត្ថកិច្ចបានប្រគល់ជនសង័្សយ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីចាត់បន្ដតាមនីតិវិធី៕